កម្ពុជា កំពុងជំរុញអនុវត្តយុទ្ធសាស្ត្រប្រជែងផលិតផលកសិកម្ម និងកាតបន្ថយរំហូរកសិកម្មពីខាងក្រៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រនៃការកាត់បន្ថយរំហូរកសិកម្មពីខាងក្រៅ តាមរយៈការពង្រឹងឧត្តមភាពប្រកួតប្រជែងផលិតផលកសិកម្មរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយការហូរចូលពីទីផ្សារក្រៅស្រុក ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ការវិនិយោគនានាក្នុងពេលបច្ចុប្បន្ននេះ បាននិងកំពុងអនុវត្តតាមអភិក្រមពង្រឹងខ្សែច្រវាក់តម្លៃជារួម ដែលមានគោលបំណងនាំឆ្ពោះទៅដល់ការផលិតមួយដែលមានស្តង់ដារគុណភាព សុវត្ថិភាពខ្ពស់ ស្របតាមវិធានអនាម័យនិងភូតគាមអនាម័យ និងមានភាពប្រកួត ប្រជែងខាងតម្លៃ ។

លោកបានបន្តថា ប្រទេសកម្ពុជាជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអនុវត្តរបបពាណិជ្ជកម្មសេរី ។ ជាមួយនឹងសមាជិកភាពនៃអង្គការតំបន់និងពិភពលោកនេះ មកទល់ពេលបច្ចុប្បន្ន កម្ពុជាបានសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងជ្រៅចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ។

ជាក់ស្តែងកម្ពុជាបានក្លាយជាប្រទេសហត្ថលេខីនៃកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគីចំនួន១០កិច្ចព្រម ព្រៀងដែលរួមមាន៖ ATIGA (ASEAN Trade in Goods Agreement), AHKFTA (ASEAN-Hong Kong Free Trade Agreement), ACFTA (ASEAN-China Free Trade Agreement), AKFTA (ASEAN-Korea Free Trade Agreement), AIFTA (ASEAN-India Free Trade Agreement), AJCEP (ASEAN-Japan Comprehensive Economic Partnership), AANZFTA (ASEAN-Australia-New Zealand Free Trade Agreement), CCFTA (Cambodia-China Free Trade Agreement), RCEP (Regional Comprehensive Economic Partnership) ។

រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ ក៏បានបញ្ជាក់ថា ក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាត្រូវគោរពតាមបទដ្ឋាននិងគោល ការណ៍នៃការធ្វើពាណិជ្ជកម្មសេរីដែលបានឯកភាពគ្នា ៕