បារាំងផ្តល់​ហិរញ្ញប្បទានជាង២៣លានដុល្លារ ជួយ​ស្តារ​ប្រព័ន្ធធារាសាស្ត្រ និងកសិកម្ម​​កម្ពុជា​

រដ្ឋាភិបាលបារាំង បានផ្តល់ហិរញ្ញប្បទានបន្ទាន់ដល់កម្ពុជាចំនួនប្រមាណជាង ២០ លានអឺរ៉ូ  ឬស្មើនឹងទឹកប្រាក់សរុបជាង ២៣ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់ កាលពីខែតុលា ឆ្នាំ ២០២០ និង​ការផ្លាស់ប្តូរ​វិស័យ​កសិក​ម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី​១ ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក FABRICE Έtienne លេខា​ទី​១ ស្ថានទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី Oph–lie BOURHIS នាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​តាម​ប្រព័ន្ធ Video Conference លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន ០២ នៅ​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះ​សម្រាប់​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​បន្ថែម នៃ​កម្មវិធី​គ្រប់គ្រង​ធនធានទឹក​និង​ការផ្លាស់ប្តូរ​វិស័យ កសិកម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី​១ មាន​ទឹកប្រាក់​ចំនួន ២០លាន​អឺរ៉ូ ត្រូវ​ប្រមាណ ២៣,១៣ លាន​ដុល្លារ​អាមេរិក សម្រាប់​ហិរញ្ញប្បទាន​បន្ទាន់ ដល់​ការ​ស្តារឡើងវិញ នូវ​ប្រព័ន្ធធារាសាស្ត្រ​ដែល​បាន​ខូចខាត​ដោយសារ​គ្រោះទឹកជំនន់ កាលពី​ខែតុលា ឆ្នាំ ២០២០ ក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។

​ដោយឡែក​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង មាន​ទឹកប្រាក់​ចំនួន ៣០០ ០០០ អឺរ៉ូ ត្រូវ​ប្រមាណ ៣៤៦ ៨០០ ដុល្លារ​អា​មេ​រិក គឺ​សម្រាប់​ហិរញ្ញប្បទាន​ដល់​ការសិក្សា​សមិទ្ធិ​លទ្ធភាព គម្រោង​ស្តារឡើងវិញ​ស្ទឹង​ស្វាយចេក ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​លោករដ្ឋមន្ត្រីថ្លែងបន្តថា ការផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង និង​កម្មវិធី​ខាងលើនេះ គឺ​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់ ទៅនឹង​សេចក្តីត្រូវការ​ជា​អាទិភាព​ក្នុងការ​រួមចំណែក​ការអភិវឌ្ឍន៍ និង​ស្តារ​សេដ្ឋកិច្ចកម្ពុជា​បន្ទាប់ពី​វិបត្តិ​កូ​វិដ​-១៩ ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា ដោយ​លើកស្ទួយ​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ តាមរយៈ​ការសាងសង់​ប្រព័ន្ធធារាសាស្ត្រ ដែល​ស្របទៅនឹង​មុំ​ទី​១ នៃ​ចតុកោណ​ទី​៤ ដូច​មានចែង​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ចតុកោណដំណាក់​កាល​ទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​សាធារណរដ្ឋ​បារាំង មិន​ត្រឹម​ជា​ប្រទេស​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​នាំមក នូវ​សុខសន្តិភាព​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មិត្ត​ដ៏​ប្រពៃ ដែល​តែងតែ​ជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់​ការអភិវឌ្ឍ​កម្ពុជា ហើយ​ភាពជា​ដៃគូ​នេះ​នឹង​ពង្រឹង​ឱ្យ​កាន់​តែខ្លាំង​ឡើង​នូវ​ចំណង​មិត្ត​ភា រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕