រដ្ឋបាលខេត្តព្រះសីហនុ ពង្រឹងសេវាសាធារណៈនៅតាមច្រកចេញចូលតែមួយ

អភិបាលខេត្តព្រះសីហនុ កាលទី១០ ខែវិច្ឆិកា ឆ្នាំ២០២១  បានដឹកនាំកិច្ចប្រជុំពង្រឹងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ ដើម្បីពង្រឹងនិងជម្រុញកែលម្អសេវាសាធារណៈនៅតាមច្រកចេញចូលតែមួយ។

នាឪកាសនោះ​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា តាមដានត្រួតពិនិត្យ កែលម្អ និងជម្រុញការផ្តល់សេវាសាធារណៈ នៅតាមអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយ នៅតាមក្រុងស្រុក។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុងស្រុកត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមការិយាល័យច្រកចេញចូលតែមួយ ជូនប្រជាពលរដ្ឋ និងអតិថិជនឱ្យមានតម្លាភាព កាត់បន្ថយពេលវេលា និងលុបបំបាត់អំពើពុករលួយ។

លោកអភិបាលខេត្តបន្តថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ កំពុងអនុវត្តសេវាចំនួន១២ ដែលបានប្រតិភូកម្មពីក្រសួង មន្ទីរ អង្គភាពនាពេលកន្លងមក ក៏ប៉ុន្តែមានសេវាមួយចំនួនមកដល់ពេលនេះមិនទាន់បានដំណើរការនៅឡើយ។ ចំពោះក្រុងស្រុក ត្រូវរកធាតុចូល ដើម្បីធ្វើការជជែក ពិភាក្សា ពិចារណាទាក់ទងនឹងប្រភេទសេវា ដែលមិនមានអតិថិជនមកសុំសេវានៅតាមច្រកចេញចូលតែមួយក្រុងស្រុករបស់ខ្លួន។

លោកបញ្ជាក់ដូច្នេះថា «យើងត្រូវបង្កើនការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអតិថិជនឱ្យបានលឿន មានតម្លាភាព និងលុបបំបាត់អំពីពុករលួយ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការមកទទួលសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយរបស់យើង»។

រាជរដ្ឋាភិបាលកម្ពុជា បានរំកិលសេវាឱ្យមកកៀកនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះយើងជាអ្នកផ្តល់សេវាត្រូវរួមគ្នារកដំណោះស្រាយ ពិនិត្យ និងពិចារណាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអតិថិជនរបស់យើង ឱ្យកាន់តែរហ័ស លឿន តម្លាភាព និងភាពជឿជាក់ពីប្រជាពលរដ្ឋ៕