បោះបង់​ជីវិត​អ្នកកាសែត ងាក​មក​លក់​ស្បែកជើងកង់ឡាន​បាន​ចំណូល​ហួស​ពី​ការរំពឹងទុក

ភ្នំពេញ: បន្ទាប់ពី​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈ​ជិត ៥ឆ្នាំ លោក រ៉ឹ​ម ភា​រី អតីត​អ្នកសារព័ត៌មាន​កម្ពុជា​មួយរូប​បាន​ងាក​មក​លក់​ស្បែកជើងកង់ឡាន​វិញ ដោយ​ចង់​រំ​ឮ​ក​ការចងចាំ​គ្រា​ដែលចាស់ៗធ្លាប់​ពាក់​វា​នៅក្នុង​របប​ប៉ុលពត ខ​ណៈ​​លោក​បានទទួល​ចំណូល​ហួស​ពី​ការរំពឹងទុក។

លោក រ៉ឹ​ម ភា​រី ដែល​ធ្លាប់​បម្រើ​ការងារ​នៅក្នុង​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​នាពេល​កន្លងមក​បាន​ថ្លែងប្រាប់ The Plus News ថា ក្រោយពី​ប្រឡូក​ក្នុង​សមរភូមិ​ស្លាប​ប៉ា​កា​អស់៤ឆ្នាំ លោក​ក៏បាន​លាឈប់​មក​ចាប់រ​បរជា​អ្នកលក់​ស្បែកជើងកង់ឡាន​វិញ ព្រោះ​របរ​ថ្មី​នេះ​បាន​ដំណើរការ​រលូន​ដោយមាន​អតិថិជន​គាំទ្រ និង​ជាវ​ជា​បន្តបន្ទាប់។

លោក​ថា«អតិថិជន​ខ្លះ​របស់ខ្ញុំ គឺជា​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​នៅក្នុង​សម័យ​ខ្មែរក្រហម ហើយ​ពួកគេ​ទិញ​ស្បែក​ជើង​កង់​ឡាន ដើម្បី​ទុកជា​អនុស្សាវរីយ៍ និង​រំ​ឮ​ក​ការចងចាំ​គ្រា​ដែល​ពួកគាត់​ធ្លាប់​ពាក់​វា​នៅក្នុង​របប​ប៉ុលពត»។

លោក​បន្តថា លោក​ងាក​មក​ចាប់យក​អាជីព​នេះ​វិញ ដោយ​មិនមាន​ការអៀនខ្មាស​នឹង​មិត្តភក្ដិ​រួម​អាជីព និង​អ្នក​ទាំង​ឡា​យ​​ដែល​គិតថា វា​ជា​មុខរបរ​តូចតាច​ឡើយ ព្រោះ​មួយជីវិត​របស់លោក​ធ្លាប់បាន​ឆ្លងកាត់​ជីវិត​អ្នកលក់ដូរ​តាម​ចិញ្ចើមផ្លូវ​ជា​ហូរហែរ​កន្លងមកនេះ។

អតីត​អ្នកកាសែត​រូបនេះ​បាន​បន្តថា ដំបូង​លោក​បាន​ទិញ​ស្បែកជើងកង់ឡាន​ពី​លោកតា​ម្នាក់​ដែល​គាត់​បាន​ដើរ​លក់​តាម​ផ្លូវ ហើយ​ពិតជា​មានគុណ​ភាពល្អ ជាប់​បានយូ ក្រោយមក​លោក​មានគំនិត​ចង់​ទិញ​បន្ត​ពី​គាត់ ហើយ​ប្រកាស​ដាក់​លក់​នៅតាម​អន​ឡាញ (Online) ប៉ុន្ដែ​ការលក់​របស់លោក​បាន​ទទួល​ការគាំទ្រ​ជា​បន្តបន្ទាប់។ លោក​បានស្នើ​ឲ្យ​បុរស​ចំណាស់​អ្នក​ផលិត​ស្បែកជើង​ស្វែងរក​ឆ្នៃ​ម៉ូត​ថ្មី ដើម្បី​តម្រូវ​តាម​ចំណូលចិត្ត​អតិថិជន ហើយ​បញ្ជា​ទិញ​យកទៅលក់​បន្ត។

លោក​បន្តថា ការបញ្ជាទិញ​បន្ថែម​នេះ ដោយ​ចង់​ឲ្យ​បុរស​ចំណាស់​រួប​នេះ មានការ​ងារ​ធ្វើ ព្រមទាំង​ឲ្យ​គាត់​រក​ពលរដ្ឋ​ទុ​រ​គត់​ជនផ្សេងៗទៀត​មកជួយ​គាត់​ដែរ ដើម្បី​ឲ្យ​ពួកគាត់​មាន​ចំណូល​ប្រចាំថ្ងៃ​ដែរ។ លោក​ចង់បាន​កន្លែង​លក់​សមរម្យ​មួយ និង​ចង់​បង្កើត​ម៉ូត​ខ្មែរ (Brand) និង​ស្នាដៃ​របស់​ខ្មែរ។

លោក​បាន​បញ្ជាក់ថា៖«ការពិតទៅ ខ្ញុំ​នៅ​ស្រលាញ់​អាជីព​អ្នកសារព័ត៌មាន ប៉ុន្ដែ​ខ្ញុំ​ចង់​សាកល្បង​មើល​ពី​ទីផ្សារ​ស្បែក​ជើង​កង់ឡាន​នេះ ទើប​ខ្ញុំ​សម្រាក់​មួយរយៈ​សិន ហើយ​ទោះយ៉ាងណា ខ្ញុំ​នឹង​បន្ត​ទៅរក​អាជីព​ដើម​វិញ​នៅពេល​ណា​មួយ ព្រោះ​​ខ្ញុំ​នៅ​ស្រលាញ់​វា តែ​ការលក់​ស្បែកជើង​តាម​អន​ឡាញ​នេះ ក៏​កំពុង​ដាច់​គួរសម​ដែរ»។

វត្ថុធាតុដើម​ជា​សំបក​កង់ឡានចាស់ៗដែល​គេ​ច្រើនតែ​រក​ប្រមូល​ទិញ​នៅតាម​ភូមិ ហើយ​ស្បែកជើងកង់ឡាន ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ឆ្លងកាត់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ស្គាល់​ថា ជា​ស្បែកជើង​របស់​មេដឹកនាំ​របប​ខ្មែរក្រហម​ធ្លាប់ប្រើ​ប្រា​ស់​នា​សម័យ​នោះ ប៉ុន្តែ​ស្បែកជើង​ប្រភេទ​នេះ ត្រូវបាន​ចាប់ផ្តើម និង​បន្ត​ទីផ្សារ​រហូតដល់​បច្ចុប្បន្ន ដោយ​បុរស​វ័យ​ចំណាស់ៗមួយចំនួន​តូច​ជិះ​កង់​ចែកចាយ​ដាក់ឱ្យ​ម៉ូយ និង​លក់​នៅតាម​ជាយ​ទីក្រុង និង​នៅក្នុង​ក្រុង​ភ្នំ​ព​ញ៕

អតិថិជន​អាចទាក់ទង​តាមរយៈ https://www.facebook.com/%E1%9E%A0%E1%9E%B6%E1%9E%84%E1%9E%9B% ឬ​លេខ​ទូរស័ព្ទ: 093 95 99 83/061 64 33 28