
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថា ក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃពិធីបុណ្យអុំទូកមានភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០.១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩.៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០.២៨១នាក់។
រាជធានីភ្នំពេញ មានភ្ញៀវទេសចរចេញដើរកម្សាន្ត ចំនួន១៩៩.៨៣៥នាក់ ស្ថិតក្នុងលំដាប់ទី១ , ខេត្តសៀមរាបមានភ្ញៀវទេសចរចេញដើរកម្សាន្ត ចំនួន ១១៨.១៤៦នាក់ ស្ថិតក្នុងលំដាប់ទី២ និង ខេត្តព្រះសីហនុ មានភ្ញៀវទេសចរចេញដើរកម្សាន្ត ចំនួន១១១.៣២២នាក់ ស្ថិតក្នុងលំដាប់ទី៣ ។
លោក ថោង ខុន មានប្រសាសន៍ទៀតថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ លើសពីរំពឹងទុក ក្នុងនោះកើនឡើងចំនួន ៥៤,៣៤ភាគរយ ធៀបនឹងបុណ្យអុំទូកឆ្នាំ២០២០ និងកើនឡើង ៣៦,៩២ភាគរយ បើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នា កាលពីដើមខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
លោកបន្តថា ចរន្តភ្ញៀវដ៏ច្រើននេះ គឺបានមកពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាលក្នុងការដំណើរការ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ការបើកឡើងវិញនូវគោលដៅដែលមានការរៀបចំបានល្អក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ពិសេសគោលដៅសៀមរាប-អង្គរ និងក្រុងព្រះសីហនុដែលបានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពបានស្រស់បំព្រង។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរចំនួន១១៨.១៤៦នាក់ ដែលចេញដើរកម្សាន្តនៅខេត្តសៀមរាប ក្នុងរយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ មានភ្ញៀវជាតិមានចំនួនប្រមាណ ១១៧.០០០នាក់ ក្នុងនោះភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០ទៅ៨០ភាគរយ ស្មើនឹងប្រមាណជា ៨ម៉ឺនទៅ៩ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩.០០០នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២.៧០០នាក់ និង សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥.៣០០ នាក់ ៕