ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ១១​ ​ត្អូញត្អែរ​ពី​បញ្ហា​ដី​ហុយ​ក្នុងអំឡុងពេល​ជួសជុល​

​ត្បូងឃ្មុំ​៖​ ​បន្ទាប់ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បើក​ការដ្ឋាន​សាងសង់​ឡើងវិញ​ផ្លូវជាតិ​លេខ​ ​១១​ ​ដែល​មាន​ប្រវែង៩៦.៤៨គីឡូម៉ែត្រ​ពី​អ្នកលឿង​ទៅដល់​ខេត្ត​ត្បូងឃ្មុំ​នោះ​ ​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​បាន​ត្អូញត្អែរ​ពី​បញ្ហា​ដី​ហុយ​ ​និង​គ្មាន​អាជ្ញាធរ​ជួយ​បាញ់​ទឹក​ ​ខណៈ​ពួកគេ​ជំរុញ​ពន្លឿន​ការសាងសង់​។​

​ផ្លូវជាតិ​លេខ១១នេះ​ ​ត្រូវ​បាន​ចំណាយ​ទឹកប្រាក់​ជាង​ ​៩៤លាន​ដុល្លារ​ ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ ​និង​ត្បូងឃ្មុំ​ ​ហើយនិង​បណ្តា​ខេ​ត្ត​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ ​និង​អ្នកធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​។​
​ទទឹម​នឹង​នេះ​ ​ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​ ​មន្ត្រី​ជំនាញ​បាន​បើក​ការដ្ឋាន​សាងសង់​ ​និង​ស្ថាបនា​ជា​យូ​ឆ្នាំ​មក​ហើយ​ ​ប៉ុន្ដែ​ការសាងសង់​នេះ​ ​ហាក់បីដូចជា​មាន​ការ​ពន្យា​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ដែល​បណ្ដាលឲ្យមាន​ដី​ហុយ​ឡើង​ងងឹត​មេឃ​ ​ខណៈ​មាន​រថ​យន្ត​ធំៗ​មក​ម្ដង​។​

​លោក​បន្ត​ថា​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ ​បាន​ត្រឹមតែ​រអ៊ូរទាំ​ ​ដោយ​មិន​មាន​អាជ្ញាធរ​ជួយ​ដោះស្រាយ​ ​ឬ​ជួយ​បាញ់​ទឹក​កុំ​ឲ្យ​ដី​ហុយ​ទេ​«​ខ្ញុំ​មិនដឹង​ថា​ ​មិច​ទេ​ក្មួយ​ ​បើ​ដី​ហុយ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​គឺ​ហុយ​នោះ​ ​ហុយ​ ​គ្មាន​អ្នកជួយ​ដោះស្រាយ​ទេ​។​ ​ខ្ញុំ​សូមឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ផង​»​។​
​ពលរដ្ឋ​ម្នាក់​អាយុ​ ​៥០ឆ្នាំ​ ​នៅ​ស្រុក​អូរ​រាំង​ឱ​ក៏​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​បាន​លើកឡើង​ថា​ ​រថ​យន្ត​ធំៗ​គ្រប់​ប្រភេទ​បាន​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ១១នេះ​ ​បណ្ដាលឲ្យ​ហុយ​មើលផ្លូវ​មិនឃើញ​«​សូម​មន្ត្រី​ជំនាញ​ជួយ​ដោះស្រាយ​ផង​ ​ពលរដ្ឋ​ដែល​អម​តាម​បណ្ដោយ​ផ្លូវ​នេះ​ ​មាន​អ្នកខ្លះ​កំពុង​មាន​ជំងឺ​ផ្លូវដង្ហើម​ ​និង​អ្នកខ្លះ​ឈឺ​គ្មាន​ពេលទំនេរ​ទេ​ ​ជាពិសេស​ខ្ញុំ​អា​ណិ​ត​ក្មេង​ៗ​ ​គឺ​ពួកគេ​ឈឺ​រហូត​»​។​

​មន្ត្រី​មន្ទីរ​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ​ ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បានទេ​ ​ជុំវិញ​ករណីនេះ​។​
​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បាន​សរសេរ​ថា​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​អរគុណ​រដ្ឋាភិបាល​ចិន​ ​ដែល​តែងតែ​ជួយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ដោយ​ថា​៖​«​មិន​ត្រឹមតែ​អភិវឌ្ឍ​ខ្លួនឯង​ឲ្យបាន​រីកចម្រើន​ប៉ុណ្ណោះទេ​ ​មិត្ត​ចិន​បាន​ ​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍ​ប្រទេសជិតខាង​មួយចំនួន​ទៀតផង​ដែរ​ ​ជាក់ស្តែង​ ​ប្រទេស​កម្ពុជា​ជាដើម​»​។​
​បើ​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​សម្ដេច​នាយ​រដ្ឋមន្ត្រី​ ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​ក្នុង​ការ​សាង​សង​ស្ពាន​ចំនួន៧​ ​ដល់​កម្ពុជា​ ​ដោយ​ចំណាយ​ថវិកា​ប្រមាណ​ ​២១៦លាន​ដុល្លារ​៕​