រ៉ូយ៉ាល់ គ្រុប បោះទុន ២៣០ លានដុល្លារ សាងសង់អគារភ្លោះកម្ពស់ ៦២ ជាន់

រាជធានី​ភ្នំពេញ៖ ព្រឹក​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​បោះទុន​រួមគ្នា​ជាមួយ​អ្នកវិនិយោគ​មកពី​ចិនតៃវ៉ាន់ សាងសង់​ជា​ផ្លូវការ​អគារ​ពាណិជ្ជកម្ម​ភ្លោះ Royal One ក្រោម ទំហំ​ទឹកប្រាក់ ២៣០ លាន​ដុល្លារ។

អគារ​អន្តរជាតិ Royal One មាន​កម្ពស់​សរុប ៦៨ ជាន់ ក្នុងនោះ ៦ ជាន់​នៅក្រោម​ដី និង ៦២ជាន់​នៅលើ​អាកាស ដែល​ចំណាយពេល​សាងសង់ ៥ ឆ្នាំ។ អាគារ​ភ្លោះ​កម្ពស់​ខ្ពស់​ដាច់​គេ ដែល​បានជ្រើសរើស​ទីតាំង​ដ៏​ល្អ​បំផុត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ និង​មាន​ទីតាំង​ស្ថិតនៅ​កែង​គ្នា​រវាង​មហាវិថី​សហព័ន្ធ​រុស្សី និង មហាវិថី​ព្រះមុនីវង្ស ជា​អគារ​ពាណិជ្ជកម្ម​សម្បូរ​បែប រួមមាន ខុន​ដូរ ផ្សារ​ទំនើប សណ្ឋាគារ  ក្លិប​កំសាន្ត ក្លិប​ហាត់ប្រាណ ភោជនីយដ្ឋាន និង មជ្ឈមណ្ឌល​កំសាន្តផ្សេងៗ ។ ជាពិសេស អគារ​ភ្លោះ​នេះ នឹង​ផុស​ល​រូបរាង​ឡើង​ក្នុង​តំបន់​ពាណិជ្ជកម្ម ដែល​ប្រជុំ​ទៅដោយ​អគារខ្ពស់ៗ ដូចជា អគារ​កាណាឌីយ៉ា អគារ​វឌ្ឍនៈ និង អគារ Exchange Square ជាដើម សាងសង់​លើ​ផ្ទៃដី​ទំហំ ៤០៣៦ ម៉ែត្រការ៉េ ។

តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហាញ​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោយ​មាន​វត្តមាន​អគារ​ភ្លោះ​ដ៏​ប្រណិត​នេះ​ផុសចេញ​ជា​រូបរាង​ឡើង នឹង​ក្លាយជា​ចំណែក​នៃ​មោទនភាព​ជាតិ​របស់​កម្ពុជា ដែល​បង្ហាញអោយឃើញ​ពី​សមត្ថភាព និង ភាព​រីកចំរើន​របស់​ប្រទេស នៅលើ​ឆាក​អន្តរជាតិ។ អាគារ​អន្តរជាតិ Royal One នឹងត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​ចិន Huashi Group ដែលជា​ក្រុមហ៊ុន​សំណង់​លំដាប់​កំពូល​នៅ​ប្រទេស​ចិន មានបទពិសោធន៍​ខ្ពស់​ក្នុងការ​សាងសង់​អាគារ​អន្តរជាតិ ។

មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា​គម្រោង​នេះ ពិតជា​បាន​ចូលរួមចំណែក​លើកកម្ពស់​សោភ័ណភាព និង​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ផ្ដល់​បទពិសោធន៍ល្អៗ ផ្នែក​វិស្វកម្ម និង​ស្ថាបត្យកម្ម​ដល់​កម្ពុជា ។ គម្រោង​អាគារ​អន្តរជាតិ Royal One នេះ ពិតជា​កើតឡើង​ចំពេល ដែល​កម្ពុជា កំពុងមាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ ស្ថេរភាព​នយោបាយ​ល្អ និង​គោលនយោបាយ គាំទ្រ​ពី​រាជ​រដ្ឋ​ភិ​បាល​ដល់​អាជីវកម្ម។

វិស័យ​សំណង់​នៅ​កម្ពុជា បាន​រីកដុះដាល​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ជិត២ទសវត្សរ៍​កន្លងមក​នេះ ។ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​រៀបចំ​ដែនដី បានសម្រេច​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​សំណង់​នៅ​ទូទាំងប្រទេស ប្រមាណ ៤ម៉ឺន គម្រោង មានតម្លៃ​ទុនវិនិយោគ​សរុប​ជាង ៤៣ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ គម្រោង​អគារខ្ពស់ៗ ចាប់ពី៥ជាន់​ឡើងទៅ​មាន​ចំនួន​ជាង ១.២០០ អគារ និង លំនៅដ្ឋាន​លក្ខណៈ​បុរី មាន​ចំនួន ២៣៥ ទីតាំង ៕