ក្រសួង បានត្រួតពិនិត្យយានយន្តសរុបជាង២លាន៣សែនគ្រឿង ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំនេះ

លទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១ បានសរុបចំនួន ២ ៣៣៤ ៣៧១ គ្រឿង។នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្ត ក្រោមការដឹកនាំដោយ លោក សេង ឈួន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍កាល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា យោងតាមរបាយការណ៍នៃការអនុវត្តការងារក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ទទួលបានលទ្ធផលដូចខាងក្រោម៖

– យានយន្តត្រួតពិនិត្យសរុបចំនួន ២ ៣៣៤ ៣៧១ គ្រឿង

– យានយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៧៣៩ ៥៣៨ គ្រឿង ស្មើនឹង ៣១.៦៨% ដែលក្នុងនោះ យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៧៣៦ ៧៣៥ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ២ ៨០៣គ្រឿង។ ក្នុងនោះចាប់ពីថ្ងៃទី១៨ ខែតុលា រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារបន្តឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០% ដែលឃាត់ទុកមួយឆ្នាំមានចំនួន ៤៨គ្រឿង បន្ទាប់ពីគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតដោះលែងយានយន្តចំនួន ២២៩គ្រឿង កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

នាឪកាសនោះ ក្រុមការងារបានប្តេជ្ញាថា នឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងឡើយ។ ក្រុមការងារនឹងបន្តដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV Camera) និងជញ្ជីងស្វ័យប្រវត្តិ (AI and Weigh in Motion Sensor) នៅតាមស្ថានីយមួយចំនួន ដើម្បីតាមដាន និងត្រួតពិនិត្យលើការអនុវត្តការងាររបស់មន្រ្តីប្រចាំការនៅតាមស្ថានីយជញ្ជីង។

ទន្ទឹមនឹងនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងជាតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី ចំនួន ០២ គឺនៅតាមបណ្តោយផ្លូវជាតិលេខ ៣៣ ក្នុងខេត្តកែប និងផ្លូវជាតិលេខ៦២ ក្នុងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីងថ្មីបន្ថែមទៀត នៅខេត្តមណ្ឌលគិរី និងខេត្តកោះកុង ក្នុងផែនការឆ្នាំ២០២២ ខាងមុខនេះ៕