
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយរាជរដ្ឋាភិបាលអាចគ្រប់គ្រងកូវីដបានល្អ ដោយវិស័យកសិកម្ម និងឧស្សាហកម្ម នៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។ការថ្លែងរបស់សម្តេច ហ៊ុន សែន ធ្វើឡើងក្នុងនៅក្នុងពិធីសម្ពោធសណ្ឋាគារឯកជនលំដាប់ផ្កាយ៥មួយ នៅទីក្រុងភ្នំពេញ កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។
នាឪកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែរក្សាការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ នឹងមានកំណើនជិត៣ភាគរយ ខណៈចំណូលជាតិកើនឡើង ទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ពេលនេះកម្ពុជាបានទទួល៥០០ ទៅ៧០០ លានដុល្លារក្នុងមួយខែ ពេលកូវីដផ្ទុះខ្លាំងគឺធ្លាក់ចុះក្រោម៤០០លានដុល្លារ។
បើតាមលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ មានលក្ខណៈល្អប្រសើរជាងការរំពឹងទុក ខណៈរដ្ឋាភិបាលបានព្យាករកន្លងទៅក្នុងកម្រិត ២,៤ភាគរយ ហើយកំណើនសេដ្ឋកិច្ចកម្ពុជានឹងវិលទៅរក៧ភាគរយ ដូចដើមវិញនៅឆ្នាំ២០២៤។
លោកបន្តថា សេដ្ឋកិច្ចកម្ពុជាដែលមានកំណើនល្អប្រសើរចាប់ពីពេលនេះទៅ គឺដោយសំអាងទៅលើកត្តាមួយចំនួន ដូចជាកត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិកនិងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជាពុំមានថយចុះ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀតដែរ ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញកន្លងមក។
សូមរំលឹកថា កាលពីសប្តាហ៍មុន ធនាគារពិភពលោក (World Bank) បានព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ថាមានកំណើន ២,២ភាគរយ ហើយរំពឹងថានឹងកើនដល់ ៤,៥ភាគរយ នៅឆ្នាំ២០២២៕