រោងចក្របង្គុំ និងតម្លើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ នឹងចាប់ដំណើរការ ខែមេសាឆាប់ៗខាងមុខ

រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេទ Ford Renger និងFord Everest  ដែលស្ថិតនៅក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់ជិតរួចរាល់ហើយ ដែលគ្រោងនឹងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខនេះ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។

ក្នុងឪកាសចុះ ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ មកពីស្រុកក្រគរ និងស្រុកកណ្តៀង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល បានឲ្យដឹងថា បើតាមផែនការមិនប្រែប្រួល តាមរយៈការខិតខំប្រឹងប្រែង រយៈពេលជាង៥ឆ្នាំកន្លងមកនេះជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺរថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទFord ទាំងPick-Up ទាំងStation Wagon ឬFord SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគររបស់យើង។

ឯកឧត្តមបញ្ជាក់ដូច្នេះថា «អីឡូវនេះ យើងកំពុងតែខិតខំទាក់ទាញពួកគេ ឱ្យអូសយកដៃគូរសហការរបស់គេបន្ថែមទៀត ដើម្បីផលិតគ្រឿងបង្គុំក្នុងទឹកដី នៃស្រុកក្រគរ ដែលទាំងនេះ គឺជាផែនការមេរបស់ស្រុកក្រគរ ស្រុកកណ្តៀង និយាយជារួមនឹងនិយាយដោយឡែក គឺសម្រាប់ខេត្តពោធិ៍សាត់យើងផ្ទាល់តែម្តង, ហើយយើងនឹងចាប់ផ្តើមដាក់សម្ពោធជាបន្តបន្ទាប់ ក្រោយពីស្ថានភាពកូវីដ១៩បានធូរស្បើយ»។

គួររំឭកថា កាលពីថ្ងៃទី១៤ ខែកញ្ញា តំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានឱ្យដឹងថា ក្រុមហ៊ុមសម្រេចបោះទុនជាង ២១លានដុល្លារអាមេរិក វិនិយោគម្រោងរោងចក្រផលិតរថយន្តម៉ាកល្បី Ford នៅលើទឹកដីខេត្តពោធិ៍សាត់ ។

រោងចក្រផលិតរថយន្ត Ford នេះ ត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ ១៥៩គីឡូម៉ែត៕