
ភ្នំពេញ៖ ប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម លោក ដូ វឹកហឹង (Do Quoc Hung)កាលពីមុននោះបានអះអាងថា ខ្លួនឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញកម្ពុជាមួយចំនួន រួមទាំងអង្ករ និងសន្លឹកថ្នាំជក់ ខណៈភាគីកម្ពុជាបានផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) ដូចគ្នាដល់ទំនិញវៀតណាមមួយចំនួនដែរ។
ការថ្លែងនេះ ខណៈដែលលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក Do Quoc Hung ចូលជួបសម្តែងការគួរសម ដើម្បីរាយការណ៍អំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
លោក Do Quoc Hung បានថ្លែងថា រដ្ឋាភិបាលវៀតណាមបានឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញកម្ពុជាចំនួន ៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន ៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់ ៣,០០០តោន នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ រីឯភាគីកម្ពុជាបានផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) ដូចគ្នាដល់ទំនិញវៀតណាមចំនួន ២៦បន្ទាត់ពន្ធគយ។
ចំណែកលោក ប៉ាន សូរស័ក្តិ បានអរគុណរដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ជំនួយឥតសំណង សម្រាប់សាងសង់ផ្សារដានៅក្នុងខេត្តត្បូងឃ្មុំ និងបានជម្រាបជូនលោក ដូ វឹកហឹង អំពីកិច្ចសហប្រតិបត្តិការប្រពៃណី ក្នុងនាមជាប្រទេសជិតខាងល្អ។
លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងចរចារបស់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការសម្រេចបាននូវឯកសារស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែនសម្រាប់ធ្វើការចុះហត្ថលេខានៅក្នុងពេលឆាប់ៗខាងមុខ។
គួរជម្រាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមសម្រេចបានគិតជាទឹកប្រាក់ ៣,៨ប៊ីលានដុល្លារ គឺបានកើនឡើង ២៩ភាគរយ បើធៀបនឹងឆ្នាំ២០១។ ទន្ទឹមគ្នានេះ តាមរយៈគម្រោងវិនិយោគចំនួន ២០៦គម្រោងដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣,២ប៊ីលានដុល្លារ បានធ្វើឱ្យវៀតណាម ក្លាយជាដៃគូវិនិយោគធំទី៥ របស់កម្ពុជា ខណៈក្រុមហ៊ុនរបស់កម្ពុជា បានវិនិយោគត្រឹមតែ ១៨គម្រោង នៅក្នុងប្រទេសវៀតណាម ដែលតម្លៃជាទឹកប្រាក់ ៥៨,១លានដុល្លារប៉ុណ្ណោះ៕