កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប តម្លៃ១.២លានដុល្លារ ដាក់ឲ្យដំណើរការហើយ

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប សាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ ចំណាយថវិកាជាតិសរុបប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ថ្លែងក្នុងរបាយការណ៍គោរពជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តមអភិបាល នៃគណៈ អភិបាលខេត្តកែប បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង ស្តារ និងជួសជុលឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ ការចាក់បេតុងកៅស៊ូ(AC) និងកៅស៊ូពីរស្រទាប់ស្តើង (DBST)ផ្លូវប្រប មាត់សមុទ្រ ការពង្រីកផ្លូវជាតិលេខ៣៣អា ផ្លូវក្រាលក្រួសក្រហម និងចាក់ខ្សាច់បន្ថែមថ្មីនៅឆ្នេរកំសាន្ត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ការធ្វើអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នៅឆ្នេរលេងទឹក នៅផ្សារក្តាម មានអគ្គិសនីប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង មានទឹកស្អាតប្រើប្រាស់ ការរៀបចំសួនច្បារសាធារណៈ ដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ដឹកនាំបំផុសធ្វើអនាម័យបរិស្ថាន លើកកម្ពស់សោភ័ណភាពសាធារណៈ ធ្វើឱ្យខេត្តមានភាពស្អាត និងស្រស់បំព្រងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្ត កែប និងក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរួមសហការយ៉ាងសកម្ម ធ្វើឱ្យសម្រេចនូវសមិទ្ធផលកំពង់ផែទេសចរណ៍-កោះទន្សាយ ដ៏ថ្មីស្រឡាងនេះឡើង។

បន្ថែមពីលើនេះ លោក បានសំណូមពរដល់អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬ នាវា បំពាក់នូវសម្ភារៈបរិក្ខា និងឧបរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ពាក់អាវពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងចេះប្រើប្រាស់នូវឧបករណ៍ទាំងនោះ ដើម្បីទទួលព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានាឱ្យបានស្ទាត់ជំនាញមុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍។

សូមជម្រាបជូនថា៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះសាងសង់ដោយអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណ ការ និងដឹកជញ្ជូន មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន ក្នុងពេលអនាគតកំពង់ផែនេះនឹងអាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត។ កំពង់ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ៕