
ខេត្តសៀមរាប: អ្នកជំនួញល្បីៗចំនួន៣ប្រទេសរួមគ្នាបោះទុនសរុប ៧០លានដុល្លាអាមេរិក គ្រោងវិនិយោគសាងសង់ជលវប្បដ្ឋានត្រីទឹកសាប និងទឹកប្រៃ ព្រមទាំងជម្រកអភិរក្សសត្វព្រៃដ៏កម្រដែលជិតផុតពូជពីពិភពលោក នៅលើផ្ទៃដីប្រមាណ ១០០ហិកតា ដោយសារមើលឃើញពីសក្តានុពលលើវិស័យទេសចរណ៍សម្បត្តិបេតិកភណ្ឌ និងធម្មជាតិសំខាន់ៗមានបឹងទន្លេសាប និងភ្នំគូលែនជាដើម។
ការលើកឡើងនេះ ការលើកឡើងនេះ ក្នុងជំនួបរវាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ជាមួយលោក Roger Reynolds ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអីឃ្វារៀម ចូលជួបសម្តែងការគួរសម និងបង្ហាញអំពីគម្រោងជលវប្បដ្ឋានត្រីទឹកសាប និងទឹកប្រៃ ព្រមទាំងជម្រកអភិរក្សសត្វ នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក Roger Reynolds ថ្លែងថា គម្រោងដ៏ធំនេះ ក្រោមកម្រងក្រុមហ៊ុនសហកម្មសិទ្ធិ ដោយមានភាគហ៊ុនវិនិយោគអ្នកជំនួញកម្ពុជា, អាមេរិកកាំង និងជប៉ុនរួមសហការគ្នាវិនិយោគសាងសង់ជលវប្បដ្ឋានត្រីទឹកសាប និងទឹកប្រៃព្រមទាំងជម្រកអភិរក្សសត្វព្រៃដ៏កម្រដែលនឹងជិតផុតអស់ពីភពផែនដីនៅលើផ្ទៃដីប្រមាណ ១០០ហិកតា ដោយប្រើប្រាស់ទុនសរុប ៧០លានដុល្លាអាមេរិក។
លោកបានបញ្ជាក់ថា«គម្រោងនេះ ត្រូវចែកចេញជាបីដំណាក់កាល ហើយក្នុងដំណាក់កាលទី១នេះ ប្រើប្រាស់ថវិកា ២០លានដុល្លា ដែលនឹងគ្រោងបើកការដ្ឋានក្នុងខែ មីនាឆ្នាំ២០១៩នេះ នឹងបើកឲ្យដំណើរការនៅចុងឆ្នាំ២០២០»។
ក្នុងគម្រោងនៃដំណាក់ការទី១នេះ ជាការត្រៀមធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានបន្តស្នាក់នៅខេត្តសៀមរាប។ លោកថា បន្ទាប់ពីការអនុវត្តលើគម្រោងទាំងមូលបានបញ្ចប់នោះ គម្រោងបន្តផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនទៀតផង។
លោកបន្តថា គម្រោងនេះមិនត្រឹមតែធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងផ្តល់ការអប់រំដល់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋអំពីបរិស្ថាន និងការអភិរក្សប្រភពធនធានធម្មជាតិតាមរយៈការបង្ហាញរូបភាពឯកសារអំពីប្រភេទមច្ឆាក្នុងទឹកដ៏កម្រដល់សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរណ៍បរទេសបានទស្សនាសិក្សាស្វែងយល់អំពីធនធានធម្មជាតិនៅកម្ពុជា។
ចំណែកលោក ទៀ សីហា អភិបាលខេត្តសៀមរាបបានថ្លែងថា លោកសាទរចំពោះគម្រោងនេះ ជាពិសេសសមិទ្ធិផលមួយចំនួនដែលក្រុមហ៊ុនបាននឹងកំពុងសាងសង់។ លោកជំរុញឲ្យក្រុមហ៊ុនត្រូវគិតគូរពីវិស័យអប់រំ សុខាភិបាល និង ការបណ្តុះបណ្តាលធនធានមនុស្ស និងវិនិយោគលើវិស័យទេសចរណ៍បន្ថែមទៀត។
លោកបន្តថា លោកស្នើឲ្យមានការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍គ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ក្រុងប្រវត្តិសាស្ត្រដ៏ចំណាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តកាន់តែមានការកើនឡើងថែមទៀត៕