ក្រសួងកសិកម្ម ដាក់ចេញផែនការគន្លឹះ៩ចំនុចធំៗ ដើម្បីធានាសន្តិសុខស្បៀងកម្ពុជាឆ្នាំ២០២២

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានចាត់ទុកថា ការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនគឺជារឿងសំខាន់ ដើម្បីឈានទៅសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រ ធានាបាននូវសន្តិសុខស្បៀងប្រកបដោយចីរភាព។ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម ក៏បានដាក់ចេញនូវមូលដ្ឋានគន្លឹះក្នុងការអនុវត្តផែនការចំនួន៩ចំនុចធំៗ ដើម្បីធានាសន្តិសុខស្បៀងកម្ពុជាសម្រាប់ឆ្នាំ២០២២នេះ។

នេះបើការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ កាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

នាឪកាសនោះ លោករដ្ឋមន្ត្រី លើកឡើងថា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា គឺចាំបាច់ណាស់ ត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ។លោកបន្តបន្តថា ដើម្បីឈានទៅសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រ ធានាបាននូវសន្តិសុខស្បៀង ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម លោករដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាមូលដ្ឋានគន្លឹះក្នុងការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២២ ទទួលបានជោគជ័យក្នុងនោះមាន ៖

ទី១. បង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលអាចយកមកលាយឡំផលិតគ្រឿងញាណ ដោយត្រូវសហការជាមួយអាជ្ញាធរគ្រឿងញាណ។

ទី២. បង្កើនការយកចិត្តទុកដាក់ និងជំរុញការអនុវត្តគម្រោងសកម្មភាព ស្របតាមក្របខណ្ឌ យុទ្ធសាស្ត្រ កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយបរិបទជំងឺកូវីដ-១៩។តាមរយ: 3R (1. Recovery 2. Reform 3. Resilience)ដែលក្នុងនេះរួមមាន៖

-រៀបចំគម្រោងសាកល្បង ផ្តល់ថវិកាបំពេញបន្ថែមទុនវិនិយោគ (Grant Matthing ចំនួន ៤០% ទៅកសិករ ក្រុមអ្នកផលិត/សហគមន៍កសិកម្ម ដែលវិនិយោគលើការសាងសង់ផ្ទះកញ្ចក់ ឬគ្រោងនឹងអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ឬផ្តល់កម្ចីក្នុងអត្រាការប្រាក់៤%។

-ជំរុញផលិតកម្មគ្រាប់ពូជគ្រឹះ (Foundation Seeds) និងគ្រាប់ពូជវិញ្ញាបនបត្រ (Camilisc Seeds) នៃប្រភេទស្រូវក្រអូប ដែលមានគុណភាព តាមយន្តការភាព ជាដៃគូរវាងរដ្ឋ និងឯកជន។-ពង្រឹងសមត្ថភាពក្រុមផលិតសមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្ម តាមកិច្ចសន្យា។-ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ និងការបំពេញលក្ខខ័ណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ។-វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព-សុវត្ថិភាព។ ប្រព័ន្ធបញ្ជាក់ប្រភពដើមផលិតផល និងរចនាសម្ព័ន្ធគាំទ្រ។- ធ្វើសុខដុមនីយកម្ម និងសមាហរណកម្មផែនការសកម្មភាព និងគម្រោងនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម។

ទី៣. បន្តជំរុញការសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្មដំណាំបន្សុនិងពង្រីកពូជដំណាំដែលមាន គុណភាពល្អ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងធ្វើទំនើបកម្មនៅតាមកសិដ្ឋាន សហគមន៍ ស្របតាមស្ដង់ដា និងតម្រូវការទីផ្សារ។

ទី៤. ខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ប្រើប្រាស់ដី ការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសរីរាង្គ។

ទី៥. បន្តពង្រឹងកិច្ចសហការជាមួយអន្តរស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី៦. ពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ពូជ ជី ថ្នាំកសិកម្ម គុណភាពដី។ គ្រប់គ្រងធនធានដីកសិកម្ម វាយតម្លៃគុណភាពដី កំណត់តំបន់ដាំដុះ ជំរុញការចុះបញ្ជីពូជដំណាំ និងចងក្រងបញ្ជីប្រភេទពូជដំណាំ ពង្រឹងវិធានការត្រួតពិនិត្យ SPS ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ការឆ្លងរាលដាលសមាសភាពចង្រៃ។ល។

ទី៧. បន្តពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ បន្តរៀបចំនិងពង្រឹងអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឱ្យការងារគ្រប់គ្រងផលិតកម្មដំណាំ ការត្រួតពិនិត្យគុណភាព។

ទី៨. បន្តជំរុញការចរចាជាមួយបណ្តាប្រទេសនាំចូល ដើម្បីរៀបចំពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល។

និងទី៩. ត្រូវបន្តកៀរគរផ្នែកឯកជន និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមវិនិយោគនៅក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាពដោយប្រើប្រាស់បច្ចេកទេសទំនើប។

សូមរម្លឹកដែរថា បើយោងតាម លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ ក៏ធ្លាប់បានឲ្យដឹងថា កុមារកម្ពុជា៣២នាក់ក្នុង ចំណោម១០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភ។លោកបន្តថា បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជានៅតែមានកំរិតខ្ពស់នៅឡើយគឺ៣២% បើទោះបីជាតួលេខនេះទាបជាងក្នុងឆ្នាំ២០១០ ដែលមាន៤០%ក៏ដោយ។

មិនតែ លោកបន្តថា បញ្ហាកង្វះអាហារូបត្ថម្ភនេះ ផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល។ ជាក់ស្តែង ប្រទេសកម្ពុជាបានខាតបង់ប្រមាណ ២៥០លានដុល្លាក្នុង១ឆ្នាំៗ ដោយ សារបញ្ហាកង្វះអាហារូបត្ថម្ភនេះ។

អ្នកជំនាញមកពីអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិរូបនេះ យល់ថា ដើម្បីអនុវត្តកម្មវិធីអាហារូបត្ថម្ភនៅថ្នាក់ជាតិនិងនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជាឲ្យបានជោគជ័យ ដូច្នេះការដាក់ចេញនូវយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ក៏ជាការឆ្លើយតបទៅនឹងបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាផងដែរ៕

អត្ថបទ៖ សែម ពិសី