
ខេត្តមណ្ឌលគិរី៖ សួនឧទ្យានសែនមនោរម្យ ត្រូវបានគេចាត់ទុកថា ជាសួនដែលមានទំហំធំជាងគេបង្អស់នៅប្រទេសកម្ពុជា ដោយគ្រោងចំណាយថវិកាប្រមាណជា១០លានដុល្លារ បាននឹងកំពុងបើកការដ្ឋានសាងសង់នៅលើបរិវេណដីអតីតប្រលានយន្តហោះចាស់ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងក្នុងកម្មវិធីបើកករដ្ឋាននៅថ្ងៃទី ១៩ កុម្ភៈនេះថា នេះជាឧទ្យានមួយយ៉ាងប្រណិតដែលជារចនាបថរបស់ខ្មែរ លំអរដោយដើមឈើចម្រុះ មានទីលានហាត់កីឡា សំណង់វិមានឯករាជ្យ រូបសំណាងគង សំណាក់ឃ្លោក រូបសំណាក់សេះ មានប្រព័ន្ឋបាញ់ទឹកលម្អដោយភ្លើងពណ៏ចម្រុះ និងមានរុក្ខជាតិសំខាន់ៗដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្តឲ្យសមស្របនឹងអាកាសធាតុលើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិ។
លោកបន្តថា ចំពោះការចំណាយជាក់ស្តែងគឺអាជ្ញាធរខេត្តមិនអាចមានលទ្ឋភាពគ្រប់គ្រាន់សម្រាប់ដំណើរការសាងសង់ទេ ប៉ុន្តែដោយមានការសហការនឹងជំនួយពីសប្បុរសជន ក្រុមហ៊ុននានា ទាំងជាតិ-អន្តរជាតិ ទើបខេត្តមានទុនសម្រាប់ធ្វើដោយមិនទាន់មានការចំណាយលើកញ្ចប់ថវិការបស់ថ្នាក់ជាតិឡើយ។
លោកអភិបាលបន្ថែមថា៖«ការសាងសង់សួនឧទ្យានសែនមនោរម្យនេះ ត្រូវបានធ្វើឡើងជាជំហានៗទៅតាមថវិកាដែលមាន…មានប៉ុន្មានធ្វើប៉ុណ្ណឹងសិន តែមិនមែនទុកចោលឡើយ ដោយកំណត់យ៉ាងយូរប្រើពេលសង់ ២៤ខែឲ្យរួចរាល់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនក្នុងតំបន់ ជាពិសេសបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត»។
គួរបញ្ជាក់ថា សួនឧទ្យានសែនមនោរម្យ ត្រូវបានសាងសង់នៅចំកណ្តាលបេះដូងក្រុងសែនមនោរម្យ ហើយសួនច្បារដ៏ធំមួយនេះមានបណ្ដោយ ១.២០០ម៉ែត្រ ទទឹងប្រវែង១០០ទៅ២០០ម៉ែត្រ ទៅតាមទំហំជាក់ស្ដែង លើផ្ទៃដី២០ហិចតា។ បច្ចុប្បន្ននេះ មន្ត្រីជំនាញបានធ្វើសកម្មភាពឈូសឆាយដីសម្រាប់ធ្វើសួនឧទ្យានជាតិ បានប្រមាណជា ៧០០ម៉ែត្រ កំពុងសង់វិមានឯករាជ្យនឹងបានដាំកូនឈើប្រណិតរាប់រយដើមរួចរាល់ហើយ៕