សមាគមមីក្រូហិរញវត្ថុ និងក្រុមហ៊ុន១ចុះអនុស្សារណៈរួមគ្នាគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឲយដឹងថា សមាគមមីក្រូហិរញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានចុះអនុស្សារណៈភាពជាដៃគូកម្រិតយុទ្ធសាស្រ្តលើការគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយគ្រោងចំណាយថវិកា ២លានដុល្លារសហរដ្ឋអាមេរិក។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានចុះហត្ថលេខា លើអនុស្សារណៈភាពជាដៃគូកម្រិតយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្បីចូលរួមគាំទ្រដល់ គម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ ដោយគម្រោងនេះមានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥ របស់ធនាគារជាតិនៃកម្ពុជា។ តាមរយៈគម្រោងតម្លៃ២លានដុល្លាររយៈពេល៥ឆ្នាំនេះ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជាចូលរួមថវិកាចំនួន ១,២លានដុល្លារ ខណៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ចូលរួមថវិកាបដិភាគ ជិត១លានដុល្លារ។

បរិយាបន្នហិរញ្ញវត្ថុ គឺសំដៅលើលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលាស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានការការពារតាមផ្លូវច្បាប់។ លោក សុខ វឿន ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថា៖គម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ នឹងផ្តោតអាទិភាព លើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា លើកកម្ពស់តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ និង ការពង្រឹងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ដោយសម្របតាមយុទ្ធសាស្រ្តបរិយាបន្នហិរញ្ញវត្ថុថ្នាក់ជាតិ ខណៈដែលសមាគមក៏បានរៀបចំយុទ្ធសាស្ត្រប្រាំឆ្នាំរបស់ខ្លួនអោយស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិផងដែរ។»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានថ្លែងថា៖ «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា ស៊ីប៊ីស៊ីបានប្តេជ្ញាក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការចូលរួមថវិកាបដិភាគជិត១លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយ ថវិកានេះនឹងត្រូវដាក់ចូលរួមគ្នាជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២»។  ស៊ីប៊ីស៊ី តែងតែបានជួយគាំទ្រយ៉ាងសកម្មដល់សកម្មភាពផ្សេងៗរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងបរិយាបន្ននៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលរបស់កម្ពុជា។

សូមបញ្ជាក់ថាការចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានប្រារព្ធធ្វើឡើងក្នុង មហាសន្និបាតប្រចាំឆ្នាំលើកទី១៦ និងវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពីការពង្រឹងភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ក្រោមវត្តមានលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា៕