
ភ្នំពេញ: គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២១កុម្ភៈនេះ បានសម្រេចផ្ដល់ឱកាសឲ្យក្រុហ៊ុនមួយឈ្មោះ «NY SE NY SENG CO.,LTD» បោះទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក ដើម្បីផ្ដល់ការងារចំនួន ១១១កន្លែងដល់ពលរដ្ឋខ្មែរ។
តាមគេហទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានបង្ហាញថា៖«តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន៖
ឈ្មោះ NY SE NY SENG CO.,LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១១កន្លែង។
ក្នុងថ្ងៃជាមួយគ្នានេះដែរ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុន JACKIE TSENG GARMENT (CAMBODIA) CO.,LTD បើកគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងផលិតកាបូបស្ពាយ (ពីក្រណាត់)ដែរ។
រោងចក្រកាត់ដេរសម្លៀកបំពាក់នេះ នឹងមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្រូល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៣៧៤កន្លែង៕