វិស័យអាទិភាព៤របស់កម្ពុជា ត្រូវបានឥណ្ឌាកំពុងសម្លឹងរកឱកាសវិនិយោគ

ញូវដែលី៖ តំណាងវិស័យឯកជននៃប្រទេសឥណ្ឌាបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន៤នៅកម្ពុជារួមមាន វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា, ទេសចរណ៍, ហេដ្ឋា​រចនាសម្ព័ន្ធ (ផ្លូវថ្នល់ ផ្លូវដែក និងស្ពាន) និងកសិឧស្សាហកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិ​​ការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានខ្លាំងក្លាថែមទៀត។
គម្រោងខាងលើ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាងលោក សាន់ឌិប សូម៉ានី (Sandip Somany) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២១​កុម្ភៈនេះ វាជាផ្នែកមួយនៃកិច្ចប្រជុំកំពូល​អាស៊ាន-ឥណ្ឌា លើកទី៤ នៅក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។


​លោក សាន់ឌិប សូម៉ានី បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោ​គ​រវាងប្រទេសឥណ្ឌា និងរដ្ឋជាសមាជិកអាស៊ាន ព្រមទាំងចក្ខុវិស័យរបស់រដ្ឋាភិបាលឥណ្ឌា ក្នុង​ការព​ង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា បច្ចុប្បន្ននៅមានទំហំ​តិចតួចនៅឡើយ បើធៀបជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់។


ចំណែកលោក ប៉ាន សូរស័ក្តិ បាន​ស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើ និងបានជម្រាប​លោក សាន់ឌិប សូម៉ានី អំពីលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា គោលនយោបាយបើកចំហរ និងគោលការណ៍លើកទឹកចិត្តវិនិយោគផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅប្រែក្លាយកម្ពុជា ពីប្រទេសដែលពឹងផ្អែកខ្លាំងលើការប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញនៅឆ្នាំ២០៣០។
លោករដ្ឋមន្ត្រីបានលើកឡើងអំពីសក្តានុពលនៃវិស័យកសិកម្ម និងកសិឧស្សាហកម្មកម្ពុជា និងបានស្នើសុំលោក សាន់ឌិប សូម៉ានី ជួយកៀងគរធុរជនឥណ្ឌា ធ្វើការបណ្តាក់ទុនលើការកែច្នៃកសិផលខ្មែរ សម្រាប់នាំចេញទៅកាន់ប្រទេសឥណ្ឌា និងផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងពិភពលោក។ លើសពីនេះ លោកក៏បានសំណូមពរឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងកិច្ចសហប្រតិបត្តិការធុរកិច្ចនៃប្រទេសទាំងពីរថែមទៀត៕