ផលិតផលវាយនភណ្ឌរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារអាមេរិក៣០% ក្នុងវិបត្តិកូវីដ-១៩

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់៣០ភាគរយ ដែលនេះជាចំនួនដ៏ច្រើនមួយបើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ-១៩ក្តី។

ការលើកឡើងរបស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងឱកាសដែលលោក ចូលជួបពិភាក្សាការងារ អំពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក Patrick Murphy បញ្ជាក់បន្ថែមថា កំណើនការនាំចេញផលិតផលវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលាដើម្បីជជែករកដំណោះស្រាយឲ្យបានសមរម្យជាមួយគ្នាបន្តទៀត។

ជាមួយគ្នានេះ លោកអ៉ិត សំហេង ក៏បានវាយតម្លៃ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តម Patrick Murphy នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម  បានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិក មានផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងភាពជាដៃគូរដែលនាំឱ្យមានការវិវត្តន៍រីកចំរើន និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីរួមគ្នាក្នុងការលើកកម្ពស់សិទ្ធការងារ សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ អនុលោមតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារអន្តរជាតិ។

នាឪកាសនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុង ការជម្រុញនូវការងារទាំងនេះបន្តទៀត ទាំងការរួមគ្នាក្នុងការធ្វើឱ្យកាន់ប្រសើរឡើងនូវការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈការរៀបចំឱ្យមានជាវេទិការចែករំលែកបទពិសោធន៍ និងការសិក្សាសម្រួលដល់ការធ្វើឱ្យនីតិវិធី នានាកាន់តែងាយស្រួលក្នុងការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យការងារកាន់តែប្រសើរ៕