ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នៅខេត្ដសៀមរាប សម្រេចបាន៦០%ហើយ

រយៈពេល១០ថ្ងៃ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នៅខេត្ដសៀមរាប សម្រេចបានប្រមាណ៦០ភាគរយហើយ។នេះបើតាមការឲយដឹងពី លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ដសៀមរាប តាមរយៈមន្ទីរព័ត៌មានខេត្តសៀមរាបកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ដសៀមរាបឲ្យដឹងថា រយៈពេល១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៩ខែមីនាឆ្នាំ២០២២នេះ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នៅក្នុងខេត្ដសៀមរាប បានដំណើរយ៉ាងរលួន ដោយអនុវត្ដបានប្រមាណ៦០ភាគរយហើយ ក្នុងចំណោមអាជីវកម្មសហគ្រាសចំនួនប្រមាណ ៤៨ ៦០០សហគ្រាស ខណៈដែលមានន្ដ្រីជំរឿននៃមន្ទីរផែនការខេត្ត មានចំនួនជាង២០០នាក់ បានចុះប្រតិបត្ដិការនៃការធ្វើជំរឿនសេដ្ឋកិច្ច ដោយគ្រោងនឹងបញ្ចប់តាមផែនការកំណត់នូវដំណាច់ខែមីនាខាងមុខនេះ ក្នុងនោះការចុះអនុវត្ដសម្ភាសន៍មានចំនួន២០ថ្ងៃ និងការបូកសរុបលទ្ធផលមានចំនួន១០ថ្ងៃ ។

លោកបន្តថា ការធ្វើសម្ភាសន៍សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ ធ្វើឡើងទៅលើអង្គភាពអាជីវកម្មសហគ្រាសទាំងរបស់រដ្ឋ និងរបស់ឯកជន ដែលបានដំណើរការចុះបញ្ជីសេដ្ឋកិច្ច និងការគូរផែនទីកាលពីឆ្នាំ២០២១កន្លងមក ដែលក្នុងនោះ មន្ដ្រីជំរឿនបានធ្វើសម្ភាសន៍ ប្រជាពលរដ្ឋលក់ដូរឥវ៉ាន់ចាប់ពីមួយកញ្ច្រែងនៅខាងមុខផ្ទះឬនៅតាមផ្លូវ រហូតដល់ផ្ទះសំណាក់សណ្ឋាគារ ក្រុមហ៊ុនតូចធំទាំងអស់ លើកលែងតែជាប្រភេទអាជីវកម្មរបស់ស្ថានទូតនានា និងផ្នែកកិសកម្ម។

លោក ហាក់ សុធារ៉ា បានឱ្យដឹងទៀតថា ទោះជាយ៉ាងនេះក្ដី ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ មានការលំបាកបន្ដិច ដោយសារមានប្រជាពលរដ្ឋមួយចំនួនមិនសូវសហការផ្ដល់កិច្ចសម្ភាសន៍ជាមួយមន្ដ្រីជំរឿន ជាពិសេសនៅប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដោយពួកគាត់មានការភាន់ច្រឡំថា ការធ្វើជំរឿនសេដ្ឋកិច្ចនេះ ដើម្បីឱ្យពួកគាត់បង់ពន្ធលើអាជីវកម្មរបស់គាត់ ប៉ុន្ដែក្រោយពេលមានការណែនាំពីមន្ដ្រីជំរឿន និងអន្ដរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋបានឱ្យធ្វើសម្ភាសន៍ធម្មតា ប៉ុន្តែនៅតាមបណ្ដាស្រុកចំនួន១១ទៀត បានដំណើរការសម្ភាសន៍ធម្មតា ដូច្នេះក្នុងឱកាសនេះ សំណូមពរដល់ប្រជាពលរដ្ឋ  សូមចូលរួមផ្ដល់បទសម្ភាសន៍ជាមួយក្រុមមន្ដ្រីជំរឿនឱ្យបានទាន់ពេល ព្រោះការធ្វើជំរឿនសេដ្ឋកិច្ចនេះ ធ្វើឡើងត្រូវបានរក្សាសម្ងាត់នូវអាជីកម្មសហគ្រាសរបស់ប្រជាពលរដ្ឋ។

សូមជំរាបថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តការធ្វើជំរឿនសេដ្ឋកិច្ចលើកទី២នេះ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន ដែលបានអនុវត្ដចាប់ពីថ្ងៃទី១មីនា ដល់ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២ ដែលការធ្វើជំរឿននេះ គឺជាកត្តាចំបាច់បំផុតសម្រាប់ប្រទេសជាតិ   ដើម្បីរៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននិងជឿនលឿន ហើយរាល់ទិន្ន័យជំរឿនទាំងអស់ នឹងប្រមូលមកពីគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទៀត ៕