
ត្បូងឃ្មុំ៖ បន្ទាប់ពីពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ ១១ ដែលមានប្រវែង៩៦.៤៨គីឡូម៉ែត្រពីអ្នកលឿងទៅដល់ខេត្តត្បូងឃ្មុំ បានត្អូញត្អែរពីបញ្ហាដីហុយ និងគ្មានអាជ្ញាធរជួយបាញ់ទឹក ក្នុងអំឡុងពេលសាងសង់នេះ មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានជំរុញឲ្យក្រុមហ៊ុនទទួលបន្ទុកសាងសង់ផ្លូវនេះត្រូវស្រោចទឹក ដើម្បីកុំឲ្យហុយខ្លាំងពេក។
មន្ត្រីជំនាញទទួលបន្ទុកផ្នែកការស្ថាបនាផ្លូវជាតិនេះ បានថ្លែងប្រាប់ The Plus News កាលពីម្សិលមិញថា ផ្លូវជាតិលេខ ១១នេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (China Road and Bridge Corporation) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន ៤៤ខែ ចាប់ពីខែមីនា ឆ្នាំ ២០១៨ និងគ្រោងបញ្ចប់នៅដើម ឆ្នាំ២០២១ខាងមុខ។
លោកបន្តថា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំបានចុះទៅដល់ទីតាំង ហើយបានណែនាំយ៉ាងម៉ត់ចត់ឲ្យក្រុមហ៊ុនស្រោចទឹកឲ្យបានច្រើន ជាពិសេសកន្លែងទីប្រជុំជន។ ហើយថ្នាក់ដឹកនាំក៏បានដាក់ភ្នាក់ងារតាមដានក្រុមហ៊ុន បើមិនមានការស្រោចទឹក ថ្នាក់ដឹកនាំនឹងមានវិធានការលើក្រុមហ៊ុន។
លោកបានបញ្ជាក់ថា៖«កាលពីដំបូងក៏មានការត្អូញត្អែរពីប្រជាពលរដ្ឋយើងពីបញ្ហានេះដែរ ក្រោយក៏មានថ្នាក់ដឹកនាំបានចាត់ឲ្យក្រុងការងារចុះទៅពិនិត្យមើល ហើយក្រុមហ៊ុនចុះមកណែនាំ។ ក្រោយមកយើងក៏ជំរុញការសាងសង់ និងចាត់វិធានការនេះ ផ្លូវនេះក៏មានលក្ខណៈល្អប្រសើជាងមុន ហើយក៏បានកាត់បន្ថយការហុយដីផងដែរ»។
លោកបន្ថែមថា ក្រសួងក៏បន្តតាមដានបន្ដទៀត ដើម្បីធានាបាននូវបញ្ហាមួយចំនួននេះត្រូវបានកាត់បន្ថយ ទទឹមនឹងដែរ ក្រសួងសូមអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ ជួយយោគយល់ អធ្យាស្រ័យដល់ក្រុមការងាររបស់គម្រោងផងដែរ។
ផ្លូវជាតិលេខ១១នេះ ត្រូវបានចំណាយទឹកប្រាក់ជាង ៩៤លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងត្បូងឃ្មុំ ហើយនិងបណ្តាខេត្តផ្សេងៗទៀតដែលត្រូវធ្វើដំណើរឆ្លងកាត់ និងអ្នកធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅផងដែរ។
ទទឹមនឹងនេះ ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានថ្លែងថា មន្ត្រីជំនាញបានបើកការដ្ឋានសាងសង់ និងស្ថាបនាជាយូឆ្នាំមកហើយ ប៉ុន្ដែការសាងសង់នេះ ហាក់បីដូចជាមានការពន្យាពីមួយថ្ងៃទៅមួយថ្ងៃ ដែលបណ្ដាលឲ្យមានដីហុយឡើងងងឹតមេឃ ខណៈមានរថយន្តធំៗមកម្ដង។
លោកបន្តថា ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានត្រឹមតែរអ៊ូរទាំ ដោយមិនមានអាជ្ញាធរជួយដោះស្រាយ ឬជួយបាញ់ទឹកកុំឲ្យដីហុយទេ«ខ្ញុំមិនដឹងថា មិចទេក្មួយ បើដីហុយពីមួយថ្ងៃទៅមួយថ្ងៃ គឺហុយនោះ ហុយ គ្មានអ្នកជួយដោះស្រាយទេ។ ខ្ញុំសូមឲ្យអាជ្ញាធរជួយដោះស្រាយផង»។
ពលរដ្ឋម្នាក់អាយុ ៥០ឆ្នាំ នៅស្រុកអូររាំងឱក៏សុំមិនបញ្ចេញឈ្មោះដែរបានលើកឡើងថា រថយន្តធំៗគ្រប់ប្រភេទបានធ្វើដំណើរតាមផ្លូវជាតិលេខ១១នេះ បណ្ដាលឲ្យហុយមើលផ្លូវមិនឃើញ«សូមមន្ត្រីជំនាញជួយដោះស្រាយផង ពលរដ្ឋដែលអមតាមបណ្ដោយផ្លូវនេះ មានអ្នកខ្លះកំពុងមានជំងឺផ្លូវដង្ហើម និងអ្នកខ្លះឈឺគ្មានពេលទំនេរទេ ជាពិសេសខ្ញុំអាណិតក្មេងៗ គឺពួកគេឈឺរហូត»។
តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន បានសរសេរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ ដោយថា៖«មិនត្រឹមតែអភិវឌ្ឍខ្លួនឯងឲ្យបានរីកចម្រើនប៉ុណ្ណោះទេ មិត្តចិនបាន ចូលរួមចំណែកជួយអភិវឌ្ឍប្រទេសជិតខាងមួយចំនួនទៀតផងដែរ ជាក់ស្តែង ប្រទេសកម្ពុជាជាដើម»។
បើតាមទំព័រហ្វេសប៊ុករបស់សម្ដេចនាយរដ្ឋមន្ត្រី រដ្ឋាភិបាលចិនបានផ្តល់ជំនួយក្នុងការសាងសងស្ពានចំនួន៧ ដល់កម្ពុជា ដោយចំណាយថវិកាប្រមាណ ២១៦លានដុល្លារ៕