រោងចក្រ​ផលិត​ទឹកស្អាត​តម្លៃ​ជាង២៥លាន​ដុល្លារ គ្រោង​នឹងដាក់​ដំណើរការ​នៅ​ខែតុលា​នេះ

ភ្នំពេញ: អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​លោក ស៊ឹម ស៊ីថា បាន​បញ្ជាក់ថា រោងចក្រ​ផលិត​ទឹកស្អាត​តម្លៃ​ជាង​២៥លាន​ដុល្លារ ត្រូវបាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹងដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​គ្រោ​ង​​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បី​រួមចំណែក​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជា​ព​ល​រដ្ឋ។


ការលើកឡើង​នេះ ក្នុង​ឱកាសលោក​អញ្ជើញ​ដឹកនាំ​ប្រតិភូ​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, តំណាង​ទីភ្នាក់ងារ AFD និង​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ម៉ៅការ​សាងសង់ VINCI (វ៉ាង​ស៊ី)របស់​ប្រទេស​បារាំង ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​នៅ​ព្រឹក​ថ្ងៃទី២៧ ខែកុម្ភៈ​នេះ។


លោក ស៊ឹម ស៊ីថា បាន​បញ្ជាក់ថា គិត​មកដល់ពេលនេះ ការសាងសង់​រោងចក្រ ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​នេះ ស​ម្រេ​ចបាន​ជាង៦០ភាគរយ​ហើយ។ ដោយ​កំពុង​ជំរុញ​ឲ្យ​ដំណើរការ​សាងសង់​ចប់​តាម​គម្រោង ហើយ​អាច​នឹងដាក់​ដំណើ​រ​ការ​សាកល្បង​នៅ​ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។


លោក​បន្តថា វា​មាន​សមត្ថភាព​ផលិត​ទឹក ៥២,០០០ម៉ែត្រគូប​ក្នុង១ថ្ងៃ ដែល​បានការ​គាំទ្រ​ហិរញ្ញប្បទាន ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ សរុប​ប្រមាណ២៥លាន​ដុល្លារ​អាមេរិក។
បច្ចុប្បន្ន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កំពុង​ដំណើការ​រោងចក្រ​ផលិត​ទឹកស្អាត​ចំនួន៣ទីតាំង គឺ​រោងចក្រ​ផលិត​ទឹកស្អាត​និរោធ ដែលមាន​សមត្ថភាព​ផលិត​ទឹកបាន២៦ម៉ឺន​ម៉ែត្រគូប​ក្នុង១ថ្ងៃ, រោងចក្រ​ផលិត​ទឹកស្អាត​ជ្រោ​ចង្វារ ផលិត​ទឹក​ស្អា​ត​​បាន១៤ម៉ឺន​ម៉ែត្រគូប​ក្នុង១ថ្ងៃ និង​រោងចក្រ​ផលិត​ទឹកស្អាត​ភូមិ​ព្រែក ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​ស​មត្ថ​ភា​ព​ផលិត​ទឹកបាន១៧ម៉ឺន​ម៉ែត្រគូប​ក្នុង១ថ្ងៃ។ ប្រសិនបើ​រោងចក្រ​ផលិត​ទឹកស្អាត​ចំការមន ដាក់​ដំណើរការ​ទៀត​នោះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​អាច​ផលិត​ទឹកស្អាត​កើនឡើង​ជាង៦២ម៉ឺន​ម៉ែត្រគូប​ក្នុង១ថ្ងៃ។
បើ​គិត​ត្រឹម​ដើមឆ្នាំ២០១៩នេះ រដ្ឋាករ​ទឹកបាន​ត​ភ្ជាប់​បណ្តាញទឹក​សរុប​ចំនួន៣,១១០គីឡូម៉ែត្រ និង​មាន​អតិថិជន​ត​ភ្ជាប់​បណ្តាញ​ប្រើប្រាស់​ទឹក​ចំនួន ៣៦៤,១៥០បណ្តាញ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល៕