
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានបញ្ជាក់ថា ក្នុងឆ្នាំ ២០១៨ កម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ ១,២៣៤,១១១នាក់ (ស្រី ៤៩៩,០៧០នាក់) ដោយពួកគេបានផ្ញើថវិកាមកឱ្យក្រុមគ្រួសារវិញបានប្រមាណជាង ២.៣ពាន់លានដុល្លារ។
ការលើកឡើងនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ និងការប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។
លោក អ៊ិត សំហេង បានលើកឡើងថា ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១,២៣៤,១១១នាក់ (ស្រី ៤៩៩,០៧០នាក់) ក្នុងនោះ ពលករធ្វើការនៅប្រទេសថៃមានចំនួន ១,១៤៦,៦៨៥នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាចាប់ពី ៣០៥-៣១០បាតថៃ ក្នុងមួយថ្ងៃ ឬប្រហាក់ប្រហែលនឹង ៣០០ដុល្លារអាមេរិក ក្នុងមួយខែ។
សាធារណរដ្ឋកូរ៉េមានចំនួន ៤៩,០៩៩នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាជាង ៥,០០០វ៉ុន ក្នុងមួយម៉ោង ឬប្រហាក់ប្រហែលនឹង ១,២០០ដុល្លារអាមេរិក ក្នុងមួយខែ។ ប្រទេសជប៉ុនមានចំនួន ៩,១០០នាក់ ដោយទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណជា ១,៥០០ដុល្លារអាមេរិក ក្នុងមួយខែ។
ប្រទេសម៉ាឡេស៊ីមានចំនួន ៣០,១១៣នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណជា ៣០០ដុល្លារអាមេរិក ក្នុងមួយខែ។ ប្រទេសសិង្ហបុរីមានចំនួន ៨៣១នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ៤៥០ដុល្លារអាមេរិកក្នុងមួយខែ។
តំបន់រដ្ឋបាលពិសេសហុងកុង ទើបចាប់ផ្តើមបញ្ជូនពលការិនីបានចំនួន ៥៤នាក់ ដោយទទួលបានប្រាក់ឈ្នួល ៥៥០ដុល្លារអាមេរិក ក្នុងមួយខែ។ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ទទួលបានប្រាក់ឈ្នួល ៥៧៨ដុល្លារអាមេរិក ក្នុងមួយខែ។ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ទើបចាប់ផ្តើមបញ្ជូនពលការិនីបានចំនួន ១៦នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ៣០០ដុល្លារអាមេរិក ក្នុងមួយខែ។
លោកបន្តថា ក្នុងមួយឆ្នាំៗ ពលករខ្មែរបានផ្ញើថវិកាជូនក្រុមគ្រួសារបានប្រមាណជាង ២.៣ពាន់លានដុល្លារអាមេរិក ព្រមទាំងទទួលបាននូវមុខជំនាញវិជ្ជាជីវៈ ពេលត្រលប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕