
ភ្នំពេញ: មន្ដ្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញអំពីគម្រោងចំនួនបី សម្រាប់ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសដល់កម្ពុជាលើវិស័យធនធានទឹក និងឧតុនិយម ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២២ ដើម្បីធានាការប្រើប្រាស់ទឹកប្រកបដោយនិរន្ដរភាពនាពេលអនាគត។
ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាការងារលើរិស័យធនធានទឹកក្រោមកម្មវិធីវិនិយោគ និងជំនួយបច្ចេកទេសរបស់ ADB នៅថ្ងៃទី០៥ ខែមីនា រវាងលោក Jiangfeng Zhang នាយកផ្នែកបរិស្ថានធនធានធម្មជាតិ និងកសិកម្មនៃនាយកដ្ឋានភូមិភាគអាស៊ីអាគ្នេយ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
តាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា លោក Jiangfeng Zhang បានប្រាប់ថា ADB បានកសាងកម្មវិធីវិនិយោគ និងជំនួយបចេ្ចកទេសក្នុងការជួយដល់កម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២២ លើវិស័យធនធានទឹក និងឧតុនិយមរួចរាល់ហើយ។
លោកបន្ដថា ការជួយលើវិស័យធនធានទឹកនេះ គឺផ្ដោតសំខាន់ទៅលើគម្រោងចំនួន៣រួមមាន៖ គម្រោងធ្វើឱ្យប្រសើរផ្នែកធារាសាស្ត្រដែលនឹងត្រូវអនុវត្តន៍ក្នុងឆ្នាំ២០១៩, គម្រោងបរិធានហិរញ្ញប្បទានច្រើនយ៉ាងសម្រាប់ការគ្រប់គ្រងវិស័យធនធានទឹកដែលនឹងត្រូវអនុវត្តន៍ក្នុងឆ្នាំ២០២០ និងផែនទីបង្ហាញផ្លូវ និងកម្មវិធីវិនិយោគរយៈពេលវែងលើប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងធនធានទឹក។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាង ADB និងក្រសួងធនធាន ទឹក និងឧតុនិយម ដែលបានសហការរៀបចំគម្រោងកម្មវិធីខាងលើដែលមានលក្ខណៈប្រតិ សកម្ម និងប្រទាក់ក្រឡាគ្នាយ៉ាងរលូនក្នុងការរៀបចំបេសកកម្មរៀបចំកម្មវិធី, យុទ្ធសាស្ត្រភាពជាដៃគូ និងផែនការការងារកិច្ចដំណើរការចាប់ពីឆ្នាំ ២០១៩-២០២២ សម្រាប់ប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយនិរន្តរភាព។
លោកបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត រវាងក្រសួងធនធានទឹក និងឧតុនិយម និង ADB លើវិស័យធនធានទឹក និង ឧតុនិយម ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានការវិវឌ្ឍរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត៕