
ពិព័រណ៍អឺរ៉ុប ដែលជាការតាំងពិព័រណ៍ផលិតផលនិងសេវាកម្មអឺរ៉ុបនៅប្រទេសកម្ពុជា មានរយៈពេល ៣ ថ្ងៃ បានបើកសម្ពោធឲ្យចូលទស្សនាហើយកាលពីព្រឹកមិញ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អគារ K និង L ដោយមានក្រុមហ៊ុនជាង ៤០ នាំគ្នាដាក់បង្ហាញខ្លួនជាមួយនឹងផលិតផល និងសេវាកម្មថ្មីៗរបស់ខ្លួនសម្រាប់ត្រៀមបង្ហាញជូនអ្នកទស្សនា។
លោក Blaise Killian នាយកប្រតិបត្តិស្ដីទីនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា៖«យើងខ្ញុំរីករាយក្នុងការតាំងបង្ហាញពីលក្ខណៈដ៏ល្អប្រពៃរបស់អឺរ៉ុបនៅកម្ពុជា ក្នុងកំឡុងពេលបីថ្ងៃនេះ។ យើងខ្ញុំរៀបចំកម្មវិធីបែបនេះ គឺជាលើកទីមួយហើយ ខ្ញុំសង្ឃឹមថាអ្នកទស្សនា ជាពិសេសអតិថិជននិងអ្នកជំនួញកម្ពុជា នឹងរីករាយទស្សនាផលិតផល ពិសារចំណីអាហារ ព្រមទាំងកម្សាន្តសប្បាយនឹងសកម្មភាពផ្សេងៗទៀតនៅក្នុងពិព័រណ៍នេះ។ គោលដៅរបស់យើងគឺផ្តល់ជូនអ្នកអាជីពនូវនឱកាសពង្រីកទំនាក់ទំនងអាជីវកម្ម និង ធ្វើឱ្យសាធារណជនបានស្គាល់ម៉ាកល្បីៗរបស់អឺរ៉ុប ជាផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មល្អៗ ដែលពួកគេអាចទិញបានភ្លាមៗនៅទីនោះ»
ពិព័រណ៍អឺរ៉ុបនឹងបើកឲ្យអ្នកទស្សនារីករាយជាមួយម៉ាកល្បីៗ ផលិតផល និង សេវាកម្ម មកពីប្រទេសអឺរ៉ុបជាច្រើន ក្នុងគ្រប់វិស័យ ដូចជាយានយន្ត (Porsche, BMW, Mercedes Benz, MG ។ល) គ្រឿងសង្ហារិម និងក្រុមហ៊ុនរចនាខាងក្នុងផ្ទះពីប្រទេសអ៊ីតាលី គ្រឿងសម្អាងមកពីប្រទេសបារាំង សម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និង សម្ភារប្រើប្រាស់ (Bosch, Wūrth) ឬ Daas & Chemicals និងអាហារអឺរ៉ុបឆ្ងាញ់ពិសារមកពីហាង Thalias, Hops, Good France និងហាងជាច្រើនទៀត។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា៖«ពិព័រណ៍អឺរ៉ុបលើកដំបូងនេះនឹងជាចំណុចផ្តើមសម្រាប់ពិព័រណ៍នៅឆ្នាំបន្តបន្ទាប់ទៀត។ ផ្នែកមួយនៃបេសកកម្មយើង ក្រៅពីការផ្សព្វផ្សាយអាជីវកម្មរវាងកម្ពុជានិងអឺរ៉ុបហើយនោះ គឺការបង្កើនការយល់ដឹងពីអាជីវកម្មអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។ ពួកយើងចង់ផ្តល់ឱកាសឱ្យសមាជិកយើងបានបង្ហាញខ្លួនជូនអ្នកទស្សនា ហើយយើងក៏បាននាំក្រុមហ៊ុនជាច្រើនមកតាំងបង្ហាញនៅទីនេះដែរ។ ខ្ញុំរីករាយណាស់ក្នុងការចូលរួមក្នុងកម្មវិធីនេះ និង ជួបអ្នកទស្សនាខ្មែរដែលជាមិត្តភក្តិល្អរបស់អឺរ៉ុបនិងម៉ាកល្បីៗមកពីអឺរ៉ុបផងដែរ» ពិព័រណ៍អឺរ៉ុបចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង ៦ ល្ងាច និងបើកទទួលសាធារណជនចូលរួមដោយឥតគិតថ្លៃនៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រអគារ K និង អគារ L៕