ក្រុមហ៊ុនចិនមួយចង់វិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងខ្សែបញ្ជូនអគ្គិសនី

ភ្នំពេញ: ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ China Machinery Engineering Corporation ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​ការសាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី។ នេះ​តាម​ក្រសួង​រ៉ែ និង​ថាមពល​ចេញផ្សាយ​នៅថ្ងៃនេះ។

តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​បង្ហាញថា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បានអនុញ្ញាត​ឲ្យ​លោក Zhang Chun ប្រធាន​ក្រុមហ៊ុន China Machinery Engineering Corporation ដែលជា​ក្រុមហ៊ុន​រដ្ឋ​ចិន និង​សហការី​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ។

ក្នុងឱកាស​នោះ លោក​ប្រធាន​បាន​ជម្រាបជូន​នូវ​ចំណាប់អារម្មណ៍​លើ​ការវិនិយោគ​វិស័យ​ថាមពល​ជាពិសេស​ថាមពល​កកើតឡើង​វិញ​មាន​ថាមពលខ្យល់ ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ការកសាង​ខ្សែ​បញ្ជូន​អគ្គិសនី​ជាដើម។

ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​ម​បាន​ស្វាគមន៍ ចំពោះ​គោលបំណង​របស់​ក្រុមហ៊ុន និង​បានផ្តល់​អនុសាសន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​វិស័យ​ថាមពល​នៅ​កម្ពុជា៕