កសិផលកសិករខេត្តចំនួន ៤ ទទួលវិញ្ញាបនបត្រប្រភពដើម និងអាចនាំចេញទៅលក់នៅប្រទេសក្នុងតំបន់

ក្រចេះ៖ ដើម្បី​សម្រួល​ដល់​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ សម្រាប់​ខេត្ត​ដែល​ស្ថិត​នៅ​តាម​​ព្រំដែន​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ក្រសួងពាណិជ្ជកម្ម​ចេញ​វិញ្ញាបន​បត្រ​​បញ្ជាក់​ប្រភពដើម​ទំនិញ (CO)ទម្រង់ ឌី (D)តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ជូន​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី។

ការលើកឡើង​នេះ ក្នុង​ពិធី​ប្រកាស និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សេវា CO ទម្រង់ D នេះ ត្រូវ​បាន​​រៀបចំឡើង​នៅ​សណ្ឋាគារ​លី​ជិ ខេត្តក្រចេះ ក្រោម​អធិបតី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​នៃ​ខេត្ត​ទាំង​បួន​ខាងលើ មន្ត្រីរាជការ​មកពី​ស្ថាប័ន​​ពាក់ព័ន្ធ និង​តំណាង​វិស័យ​ឯកជន​ប្រមាណ ៣០០នាក់។

លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា កន្លងមក​ក្រសួងពាណិជ្ជកម្ម បានធ្វើ​ប្រតិភូកម្ម​សេវា CO ទម្រង់ D នេះ ទៅដល់​មន្ទីរ​ពាណិជ្ជក​ម្ម​នៅក្នុង​ខេត្ត​ចំនួន ៥ដូចជា ប៉ៃលិន បាត់ដំបង បន្ទាយ​មាន​ជ័យ ឧ​ត្ត​រ​មានជ័យ និង​រតនគិរី រួមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២ នៅក្នុង​ខេត្តស្វាយរៀង​គឺ Manhattan តាយសេង និង​សាន​ដុង-សាន់​សែ​ល ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស​ការ​នាំចេញ​ក​សិ​ផល​របស់​ប្រជាកសិករ​ខ្មែរ។

លោក​បន្តថា ការដាក់ឱ្យ​ដំណើរការ​សេវា CO ទម្រង់ D នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ថ្ងៃនេះ ដោយសារ​វា​ជា​ខេត្ត​អាទិភាព ដែល​ស្ថិតនៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​នឹង​កំពុង​យក​ចិត្តទុកដាក់​ខ្លាំង លើ​ការកាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន នៅក្នុង​ខេត្ត​ទាំង​បួន​នេះ។

ការធ្វើប្រតិភូកម្ម​នេះ គឺ​មិន​ត្រឹមតែ​ជាការ​ផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ទេ ថែមទាំង​ជាការ​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ជាពិសេស​ការចេញ CO ទម្រង់ D ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស​ជូន​អ្នក​នាំចេញ ដើម្បី​សម្រួល​ដល់​ការនាំចេញ​កសិផល ជៀស​វាង​​បាន​នូវ​ភាព​អសកម្ម​នានា និង​ការកកស្ទះ​ដោយ​ប្រការ​ណាមួយ។

កាលពី​ឆ្នាំ២០១៨ កម្ពុជា​បាន​នាំចេញ​ទំនិញ​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​ទឹកប្រាក់ ១២,៨៩៥លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ១៣.៧០% បើ​ប្រៀបធៀប​ឆ្នាំ២០១៧ ដែលមាន​ទឹកប្រាក់​ត្រឹមតែ ១១,៣៤១លាន​ដុល្លារ​អាមេរិក។ ដោយឡែក​ការនាំចេញ​កសិផល តាមរយៈ CO ទម្រង់ D ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន ក៏មាន​កំណើន​គួរឱ្យកត់សម្គាល់​ផងដែរ គឺ​បាន​កើន​ពី​ទឹកប្រាក់ ៧២៨លាន​ដុល្លារ​អាមេរិក​ក ក្នុង​ឆ្នាំ២០១៦ ដល់​ទឹកប្រាក់ ១,៤០៦លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ២០១៨នេះ៕