វិស័យសំណង់នៅទីក្រុងព្រះសីហនុ កំពុងលូតលាស់ឈានទៅរកកេរ្តិ៍ឈ្មោះដាច់គេផ្នែកនគរូបណីយកម្ម

ព្រះសីហនុ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទីក្រុង​ព្រះសីហនុ កំពុងមាន​សកម្មភាព​សាងសង់​សំណង់​តូចធំ​យ៉ាងច្រើន ដែល​តួលេខ​គម្រោង​សំណង់​ធំ​លើសពី ៣០០០ម៉ែត្រការ៉េ​ឡើង​មាន​ចំនួន ៧០គម្រោង ក្នុង​ចំនួន​ជាង ៣០០ គម្រោង កំពុងដំណើរការ​សាងសង់​យ៉ាងសកម្ម ក្នុងនោះ​មាន​សំណង់​អគារ​ខ្ពស់​ជាងគេ​កម្ពស់ ៤០ជាន់ មាន​ចំនួន​ច្រើន​គម្រោង​កំពុង​រីកលូតលាស់​គួរ​ឲ្យ​ចាប់អារម្មណ៍។

មន្ត្រីជាន់ខ្ពស់​នៃ​សាលាខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់ថា កាលពី​ឆ្នាំ២០០៥-២០១៥ ខេត្ត​នេះ​មាន​គម្រោង​អគារខ្ពស់ៗចាប់ពី ៥ជាន់ រហូតដល់ ៣៥ជាន់ មានតែ៤៦គម្រោង​ប៉ុណ្ណោះ ខណៈ​ឆ្នាំ២០១៨ មាន​គម្រោង​អគារ​ធំ និង​កម្ពស់​ចាប់ពី ៥ជាន់​ដល់ ៤០ជាន់ រហូតដល់៥៨គម្រោង។

លោ​បន្តថា ជាការ​ពិត​ភូមិសាស្ត្រ​របស់​ខេត្ត​ព្រះសីហនុ មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ​ល្អ​ព្រម​គ្នា ដូចជា មាន​ឆ្នេរ​ខ្សាច់​ពណ៌​ពងមាន់ សម្បូរ​ដោយ​កោះ​តូច-ធំ មាន​ជួរ​ភ្នំ​សម្បូរ​ដោយ​ព្រៃ​ធម្មជាតិ​ស្រស់ត្រកាល​គ្រប់​រដូវ​រហូត​រដ្ឋា​បាល​សម័យមុន និង​បច្ចុប្បន្ន​យក​ធ្វើជា​ឧទ្យាន​ជាតិ។ ភាពល្បីល្បាញ​របស់​ទី​ខេត្ត​នេះ​បានចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​តាំងពី​ពេល​ទីនេះ​បាន​បង្កើតជា​ទីក្រុង​ថ្មី​ឈ្មោះ«ព្រះសីហនុ» នា​ដើម​ទស្សវត្សរ៍​ឆ្នាំ១៩៦០មកម្ល៉េះ។

លោក​បន្ថែមថា នៅ​ដំណាក់កាលដំបូងៗ ក្រុងព្រះសីហនុ មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ គឺជា​ទីក្រុង​អំណោយផល​នៅជាប់​មាត់សមុទ្រ​ដ៏​ស្រស់ស្អាត​ដោយ​សម្រស់​ធម្មជាតិ មាន​សេដ្ឋកិច្ច​រីកចម្រើន​រស់​រវើក​ដោយសារ​មាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជាពិសេស​ផ្នែក​នគរូបនីយកម្ម​ឆើតឆាយថ្មីៗ លេចធ្លោ​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់។

លើសពីនេះ សណ្ឋាគារ​ឯករាជ្យ ឬ​សណ្ឋាគារ ៧ជាន់ ក្រុងព្រះសីហនុ បាន​ជាប់​ឈ្មោះ​ជា​អគារ​សំណង់​ធំ​ខ្ពស់​ជា​គេ​បំផុត (គិតពី​ទស្សវត្សរ៍​ឆ្នាំ១៩៦០-១៩៨០)នៅ​ទូទាំង​តំបន់ឆ្នេរ គឺ​រាប់​តាំងពី​ឆ្នេរសមុទ្រ​ហា​ឡុង​បៃ​យ៍ ជិត​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម រហូតដល់​តំបន់ឆ្នេរ​នៃ​ខេត្ត​ណា​រ៉ាត់​ធិ​វ៉ា​ត់​ប្រទេស​ថៃ។

គួរ​បញ្ជាក់ថា រាប់​ចាប់ពី​ចុង​ទស្សវត្សរ៍​ឆ្នាំ១៩៧០ ថយ​ទៅក្រោយ សំណង់​ធំ​ខ្ពស់ជាង​បំផុត​នៅ​តំបន់​ឆ្នេរសមុទ្រ (វៀតណាម, កម្ពុជា និង​ថៃ) គឺមាន​តែ​សណ្ឋាគារ​ឯករាជ្យ ដែល​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​ថា ជា​សំណង់​ធំ​ស្កឹមស្កៃ និង​ខ្ពស់​ដាច់​គេ​នៅក្នុង​តំបន់៕