កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់

កំពត៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គម្រោង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​លោក ថោង ខុន​បាន​លើកឡើងថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត នឹង​ក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុងការ​ធានារ៉ាប់រង និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ។

លោក​រដ្ឋមន្ត្រី​លើកឡើង​បែបនេះ ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ និង​មន្ត្រីរាជការ​នៃ​ក្រសួងទេសចរណ៍ ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់ «កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត» ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​ទឹកឈូ ខេត្តកំពត នា​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមក​បច្ចុប្បន្ន​ស​ម្រេច​បាន​ប្រមាណ​ជាង ២៥% ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ២០១៩ ខាងមុខ ស្របពេល​នឹង​ខេត្តកំពត​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី។

លោក​បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ និង​ក្រុមហ៊ុន Consultant ត្រូវខិតខំ​ព​ន្លឿ​ន​ដំណើការ​សាងសង់​ដោយ​អនុវត្ត​ទៅតាម​ផែនការ​សកម្មភាព និង​ប្រកបដោយ​គុណភាព​ខ្ពស់។

គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ជា​គម្រោង​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ (GMS TIIG No. 3194)។

កំពង់ផែ​នេះ គឺជា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ដែល​គ្រោង​នឹង​អាច​ផ្ទុក​ទេសចរ និង​អ្នកដំណើរ​ប្រមាណ ១លាន​នាក់។ កំពង់ផែ​នេះ មាន​រចនាសម្ព័ន្ធ​តាម​ស្តង់ដារ​អន្តរជាតិ និង​ជា​កំពង់ផែ​សម្រាប់​អ្នកដំណើរ (មិនមែនជា​កំពង់ផែ​ទំនិញ​ឡើយ)។

កំពង់ផែ​នេះ​នឹង​ក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាងសំខាន់ ត​ភ្ជាប់​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​ទៅកាន់​បណ្តា​កោះ​នានា​នៅ​ភាគខាងត្បូង និង​ត​ភ្ជាប់​ខេត្តកំពត នៃ​ប្រទេស​កម្ពុជា ទៅកាន់​ពិភពលោក។ តាមរយៈ​កំពង់ផែ​នេះ នឹង​ជួយ​ជំរុញ​បន្ថែម​ការអភិវឌ្ឍ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​នានា​នៅ​ខេត្តកំពត រមណីយដ្ឋាន​ភ្នំ​បូកគោ និង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា៕