នៅឆ្នាំ២០១៨ កម្ពុជាប្រមូលផលស្រូវសរុប ១០,៨៧ លានតោន កើនលើសឆ្នាំមុន ៣,៣៧ ភាគរយ

ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខា​ប​ម្រា​ញ់ និង​នេសាទ នៅ​ថ្ងៃទី ១៤មីនា​នេះ​បាន​បង្ហាញថា នៅ​ឆ្នាំ ២០១៨កម្ពុជា​បាន​ប្រមូល​ផល​ស្រូវ​សរុប ១០,៨៧លាន​តោន កើន​លើស​ឆ្នាំមុន​ប្រមាណ ៣,៣៧ភាគរយ ខណៈ​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្មផ្សេងៗទៀត​ស​ម្រ​ច​បាន ១៦,៧លាន​តោន កើន​លើស​ឆ្នាំមុន​ប្រមាណ ២ភាគរយ។

ការបង្ហាញ​នេះ នៅ​ថ្ងៃទី១៤ ខែមីនា សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​ការចូលរួម​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​សរុប​ចំនួន​ជាង ៥០០នាក់ នៅ​ទីស្តីការក្រសួង។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា វិស័យ​កសិកម្ម​ឆ្នាំ ២០១៨-២០១៩ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ផលិតផល​ស្រូវ សរុប​សម្រេច បាន​ក្នុង​បរិមាណ ១០,៨៧ លាន​តោន កើន​លើស​ឆ្នាំមុន​ប្រមាណ ៣,៣៧ភាគរយ និង​ស្រូវ​មាន​ចំនួន​ជាង ៥,៨ លាន​តោន ឬ គិត​ជា អង្ករ​ស្មើនឹង​ជាង ៣,៧ លាន​តោន ។ ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្មផ្សេងៗទៀត​ស​ម្រ​ច​បាន ១៦,៧ លាន​តោន កើន​លើស​ឆ្នាំមុន ប្រមាណ ២ភាគរយ ជាពិសេស​ផលិតកម្ម​កៅស៊ូ​មាន​កំណើន​រហូតដល់ ១៤ភាគរយ ផលិតកម្ម​សត្វ ៣,៤ភាគរយ និង​វារីវប្បកម្ម​កើន​ប្រមាណ ២២,៤ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន។

ក្នុងឱកាស​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​ក្រសួង-ស្ថាប័ន​ញក់​ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្ត​បន្តទៀត​នូវ​កាតព្វកិច្ច​ជា​មូលដ្ឋាន ត្រូវធ្វើ​ទំនើបកម្ម​កសិកម្ម​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង តាមរយៈ​ការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បី អភិវឌ្ឍ​បច្ចេកវិទ្យា និង​បច្ចេកទេស​កសិកម្ម​ទំនើប ក្នុងទិសដៅ​បង្កើន​បរិមាណ គុណភាព និង​ឤ​ហា​រូប​ត្ថ​ម្ភ ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក​សិ​កម្មថ្មីៗ ជា​លក្ខណៈ ឌីជីថល ពង្រឹង​ការគ្រប់គ្រង​ដំណាំ​កសិកម្ម និង​ធាតុ​ចូល​កសិកម្ម ឱ្យបាន​ល្អប្រសើរ។

សម្ដេច​បន្តថា ត្រូវ​បន្ត​លើកកម្ពស់​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម តាម​អភិក្រម​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុងការ​បង្កើត​តំបន់ ក​សិ-ឧស្សាហកម្ម​កែច្នៃ​សម្រាប់​នាំចេញ ដែល​នឹង​ឤ​ច​ជួយ ដោះស្រាយ បញ្ហា​ទីផ្សារ​កសិករ និង​ការបើក​ច្រក​ពង្រីក​យន្តការ​អនុវត្ត «ផលិត កម្ម​កសិកម្ម តាម​កិច្ចសន្យា » ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត។ ជាមួយនេះ​ត្រូវ​ជំរុញ​ឲ្យ​មានការ​វិនិយោគ សាងសង់​ផ្សា​របោះ​ដុំ​កសិផល និង​ផ្សព្វផ្សាយ​ទីផ្សារ កសិផល​ជូន​ដល់​ប្រជាកសិករ និង​អនុសាសន៍​ជិត១០ចំណុច​ផ្សេងទៀត៕