កម្ពុជាទិញអគ្គិសនី២០០មេហ្កាវ៉ាត់ពីឡាវបន្ថែម ដើម្បីបំពេញតម្រូវការក្នុងស្រុក

ភ្នំពេញ៖ រដ្ឋមន្ត្រី​ប្រតិភូ​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​លោក កែវ រតនៈ នៅ​ថ្ងៃទី១៤មីនា​នេះ បាន​ចុះហត្ថលេខា​ជាមួយ​អាជ្ញាធរ​អគ្គិសនី​ឡាវ ដើម្បី​ទិញ​អគ្គិសនី​ចំនួន ២០០មេ​ហ្កា​វ៉ា​ត់​បន្ថែម​ពី​ឡាវ​នៅ​ដើមឆ្នាំ២០២១ ក្នុងការ​ដោះស្រាយ​តម្រូវការ​ក្នុងស្រុក។

លោក កែវ រតនៈ បាន​លើកឡើងថា ការទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​នេះ សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ជូន​ពលរដ្ឋ ដើម្បី​រង់ចាំ​ការបញ្ចប់​ការសាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម៧០០មេ​ហ្កា​វ៉ា​ត់ នៅ​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ២០២៤ និង​រោងចក្រ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ២៤០មេ​ហ្កា​វ៉ា​ត់ ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​ចាប់ពី​ពាក់កណ្តាល​ឆ្នាំនេះ​តទៅ។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមការងារ​រាជរដ្ឋាភិបាល​កំពុង​ចរចា គម្រោង​វា​រី​អគ្គិសនី និង​គម្រោង​ខ្សែ​បញ្ជូន​ថ្មី​បន្ថែមទៀត ខណៈ​អគ្គិសនី​កម្ពុជា​ផ្ទាល់​បាន​ចរចា​បង្កើន​ការបំពេញបន្ថែម​ពី​ប្រទេស​ថៃ និង​វៀតណាម។

ជាមួយគ្នានេះ ក្នុង​រដូវប្រាំង​នេះ​ដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​ខុស​ប្រក្រតី​នោះ លោក​អគ្គនាយក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​អគ្គិសនី ដោយ​សន្សំសំចៃ និង​សូម​ការយោគយល់​ចំពោះ​ការរអាក់រអួល​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ផងដែរ។

ការអភិវឌ្ឍ​ថាមពល​អគ្គិសនី​ពី​គ្រប់​ប្រភព គឺ​ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ ហើយ​រាជរដ្ឋាភិបាល​មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន២គឺ ទី១-ឆ្នាំ២០២០ ភូមិ​ទាំងអស់​ទូទាំង​កម្ពុជា​នឹងមាន​អគ្គិសនី​ប្រើប្រាស់​ពី​ប្រភព​អគ្គិសនីផ្សេងៗ និង​ទី២-ឆ្នាំ២០៣០ យ៉ាងហោច៩០ភាគរយ​នៃ​គ្រួសារ​ទាំងអស់​នៅ​ទូទាំងប្រទេស​នឹងមាន​អគ្គិសនី​ដែលមាន​គុណភាព​ដូច​អគ្គិសនី​ពី​ខ្សែបណ្តាញ​ជាតិ​ប្រើប្រាស់។

គួរ​ជម្រាប​ថា បច្ចុប្បន្ននេះ កម្ពុជា​អាចធ្វើ​ការផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​ភូមិ​ចំនួន ១១ ៥៥៨ ភូមិ ត្រូវជា ៨១.៥៨ភាគរយ​នៃ​ចំនួន​ភូមិ​សរុប​របស់​ប្រទេស​រួចហើយ៕