កូរ៉េខាងត្បូងឲ្យកម្ពុជាខ្ចីលុយសរុប៧០០លានដុល្លារសម្រាប់ឆ្នាំ២០១៩-២០២៣

ភ្នំពេញ: រដ្ឋាភិបាល​កូរ៉េខាងត្បូង​សម្រេច​បន្ត​ផ្ដល់​ឥណទាន​សម្បទា​នស​រុ​ប​ចំនួន៧០០លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ឆ្នាំ២០១៩-២០២។ ការបង្ហាញ​នេះ ក្នុង​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​នៃ​វេទិកា​ធុរកិច្ច​កម្ពុជា-កូរ៉េ នៅ​ថ្ងៃទី១៥ ខែមីនា ជាមួយ​សម្តេច ហ៊ុន សែន និង​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េខាងត្បូង។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា៖«សម្រាប់​ឆ្នាំ២០១៩-២០២៣ សាធារណរដ្ឋ​កូរ៉េ បាន​បន្ត​ផ្ដល់​ឥណទាន​សម្បទា​នស​រុ​ប​ចំនួន ៧០០លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​យើង​ទាំងពីរ ទើបតែ​បាន​ចុះហត្ថលេខា លើ​កិច្ចសម្របសម្រួល​ក្របខណ្ឌ​ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​មុននេះ​បន្តិច»។

នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បន្ថែមថា ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​របស់​សាធារណរដ្ឋ​កូរ៉េ បាន​ផ្ដោតលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, វិស័យ​ធនធានទឹក និង​សុខុមាលភាព​សាធារណៈ, វិស័យ​អប់រំ និង​បណ្ដុះបណ្ដាល ធនធានមនុស្ស, និង​វិស័យ​អភិវឌ្ឍន៍ជនបទ មាន​ជាអាទិ៍ គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល អាកាសចរណ៍​ស៊ីវិល គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ជាដើម។

សម្ដេច​បាន​បន្តថា ទំនាក់ទំនង​ការទូត​នេះ​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ បន្ទាប់ពី​សម្ដេច​បានធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សាធារណរដ្ឋ​កូរ៉េ នា​ខែកក្កដា ឆ្នាំ១៩៩៦ និង​សម្រេច​ឲ្យ​មានការ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។

សម្ដេច​បាន​ថ្លែងថា ផ្ដើមចេញពី​ការភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​នេះ មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មានកា​រ​រីកចម្រើន​ជា​បន្តបន្ទាប់​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ, កំណើន​នៃ​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន, និង​កំណើន​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍

គួរ​បញ្ជាក់ថា ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​គិតពី​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០១៨ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េខាងត្បូង​បានផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ៦៣២លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ប្រមាណ ៣០០លាន​ដុល្លារ​អាមេរិក៕