ឧកញ៉ា ឌួង ឆាយ ប្រកាសបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ចាម

ភ្នំពេញ: លោកឧកញ៉ា ឌួង ឆាយ ដែលអ្នកមានទ្រព្យសម្បត្តិស្ដកស្ដម្ភ និងអ្នកតារាហ្វេសប៊ុក​ល្បី​ឈ្មោះទៀតនោះ បានប្រកាសថា ខ្លួននឹងសហការជាមួយអ្នកជំនួញអ៊ឺរ៉ុប ឌូបៃ និងអាស៊ីបើករោងចក្រកែច្ឆៃគ្រាប់ស្វាយចន្ទីមួយនៅក្នុងខេត្តកំពង់ចាម ដែលជារោងចក្រដំបូងគេនៅ​ប្រទេសកម្ពុជា។

លោកឧកញ៉ា ឌួង ឆាយ បានបង្ហាញដំណឹងនេះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥មីនា​នេះថា លោកនឹងសហការជាមួយអ្នកជំនួញបរទេសជាច្រើនប្រទេសផ្សេងទៀត បើករោងចក្រ​ផលិត និងកែច្ឆៃគ្រាប់ស្វាយចន្ទី ដែលជារោងចក្រដ៏ធំដំបូងគេបង្អាស់នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា គម្រោងរបស់លោកនេះ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាកសិកខ្មែរ ជាពិសេស​ប្រជាកសិករក្នុងខេត្តកំពង់ចាម បន្ទាប់ពីលោកបានសន្យាកាលពីឆ្នាំមុន ខណៈបានសិក្សាគម្រោ​ងចាប់តាំងពីឆ្នាំ២០១៨កន្លងមកនោះ។

លោកឧកញ៉ាបានសរសេរថា៖«ខ្ញុំបាទនឹងបើករោងចក្រស្វាយចន្ទីនៅខេត្តកំពង់ចាមដំបូងគេក្នុង​​ប្រទេសកម្ពុជា ដែលបានសហការជាមួយដៃគូអ៊ឺរ៉ុប, ឌូប៉ៃ និងអាស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ ដោយបានសិក្សាគំរោងតាំងពីឆ្នាំ២០១៨មក ដើម្បីជួយដល់កសិកររបស់យើងតាមការសន្យារបស់ខ្ញុំកាលពីឆ្នាំមុន»។

​ការលើកឡើងនេះ ស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្ដីសម្រេច​មួយ ស្ដីពីការបង្កើតក្រុមការងារសិក្សាជួយជំរុញការអភិវឌ្ឍលើដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងគោលបំណងជំរុញការងារកម្មវិធីឲ្យបានសម្រេចនូវទិន្នផលគ្រាប់ស្វាយចន្ទីស្រស់លើបរិមាណ ១លានតោននៅឆ្នាំ២០២៩ខាងមុខ។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងកសិកម្មដែលអង្គភាពព័ត៌មាន The Plus News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ៕