
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត (Emirates) នៃប្រទេសអារ៉ាប់រួម គ្រោងនឹងបើកជើងហោះហើរថ្មី ដើម្បីតភ្ជាប់ពីក្រុងភ្នំពេញទៅកាន់ក្រុងបាងកក ប្រទេសថៃ ដោយចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសជើងហោះហើរកាន់តែច្រើន ខណៈបន្ថែមលើការហោះហើរទៅកាន់គោលដៅជាង ១៥០កន្លែង នៅក្នុងប្រទេសចំនួន ៨៣ផ្សេងទៀត។
ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាទីស្តីការក្រសួង នៅថ្ងៃទី១៤ មីនានេះ លោក អាប់ឌុលឡា អេតណាន់ (Abdulla Adnan) នាយកក្រុមហ៊ុនអ៊ែមមឺរឹតប្រចាំប្រទសកម្ពុជាបានគូសបញ្ជាក់ថា «អ៊ែមមឺរឹត» ចង់ធ្វើឲ្យទីក្រុងឌុយបៃ ក្លាយជាវេទិកាតភ្ជាប់ប៉ែកខាងកើតទៅកាន់ខាងលិច ហើយតាមរយៈជើងហោះហើរថ្មីនេះ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះធុនបូអីង ៧៧៧ និងអ៊ែបើស A៣៨០ ដើម្បីដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ ជាមួយបច្ចេកវិទ្យាទំនើប គ្មានទំនាញផែនដី។
លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍ ចំពោះការបើកឲ្យមានជើងហើរថ្មីរបស់ក្រុមហ៊ុនអ៊ែមមឺរឹត ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៏។ លោករដ្ឋមន្ត្រីបានអរគុណរដ្ឋាភិបាលអារ៉ាប់រួម ដែលបានគាំទ្រ និងជួយសម្របសមួលការចូលរួមរបស់កម្ពជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ នាពេលខាងមុខ។
លោកបង្ហាញជំនឿថា តាមរយៈពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ ប្រទេសទាំងពីរនឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំសម្របសម្រួលរាល់គម្រោងវិនិយោគ ស្នើដោយរដ្ឋាភិបាល ឬវិនិយោគិន នៃប្រទេសអារ៉ាប់រួម។
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានធ្វើប្រតិបត្តិការហោះហើរ មកកាន់រាជធានីភ្នំពេញដំបូង នៅក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានដឹកអ្នកដំណើរប្រមាណ ១០ម៉ឺននាក់ និងបានឈ្នះពានរង្វាន់ជាប់គ្នាយ៉ាងច្រើន។ ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន បានទទួលពានរង្វាន់ឆ្នើមចំនួន ៣ នៅក្នុងពិព័រណ៍អន្តរជាតិ APEX Asia និងបានជាប់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍ឆ្នើមប្រចាំឆ្នាំ២០១៨ សម្រាប់ពានរង្វាន់ការដឹកជញ្ជូនតាមយន្តហោះ៕