កម្ពុជាប្រកាសស្វាគមន៍គម្រោងវិនិយោគបុត្រសម្ព័ន្ធក្រុមហ៊ុន Alibaba លើវិស័យអេឡិចត្រូនិក

ភ្នំពេញ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បានប្រកាស​ស្វាគមន៍ និង​គាំទ្រ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Shenzhen 4PX Express ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Alibaba Cainiao Logistics Group ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) ឆ្លងកាត់​ព្រំដែន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​ការនាំចេញ។

ការប្រកាស​នេះ ក្នុងជំនួប​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Shenzhen 4PX Express ដឹកនាំ​ដោយ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ លោក KEVIN Yue Li និង​លោក Nick Beresford តំណាង​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី២០ ខែមីនា​នេះ​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ក្រុមហ៊ុន Shenzhen 4PX Express ធ្វើការ​បោះទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់ (ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ផ្ទេរ​ចំណេះដឹង) សម្រាប់​គាំទ្រ​ប្រតិបត្តិការ E-Commerce និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល។

លោក​បន្ត​ស្នើ​ក្រុមហ៊ុន Shenzhen 4PX Express ពិចារណា​ចាប់​ដៃគូ ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ជំរុញ​វត្តមាន​ផលិតផល​ខ្មែរ ដូចជា​ទំនិញ​កសិកម្ម គ្រឿង​ចម្លាក់​ពី​ដៃ វត្ថុ​អនុស្សាវរីយ៍ ផ្លែឈើ​ស្រស់ និង​ម្ហូបអាហារ នៅលើ​ទីផ្សារ​អន​ឡាញ ជាពិសេស Alibaba ដែលជា​គេហទំព័រ​បោះ​ដុំ​ទំនិញ​ធំ​បំផុត នៅក្នុង​ប្រទេស​ចិន និង​លើ​ពិភពលោក។

បន្ថែម​លើ​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ក្រុមហ៊ុន Shenzhen 4PX Express អំពី​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ជំរុញ​វិស័យ E-Commerce តាមរយៈ​កា​រព​ន្លឿ​ន​ច្បាប់​ស្តីពី E-Commerce និង​យុទ្ធសាស្ត្រ​វិស័យនេះ ការកសាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​វប្បធម៌​កម្ពុជា នៅតាម​ទីក្រុងធំៗក្នុងប្រទេស​ចិន និង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ជំនា​ន់ទី៤ ជាដើម។

ជាការ​ឆ្លើយតប លោក KEVIN Yue Li និង​សហការី បាន​ថ្លែង​អរគុណ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​នូវ​ព័ត៌មានសំខាន់ៗ ទាក់ទង​ស្ថានភាព​វិស័យ E-Commerce នៅក្នុង​ប្រទេស​កម្ពុជា។

ស្ថាបនិក​ក្រុមហ៊ុន Shenzhen 4PX Express រូបនេះ បាន​ប្តេជ្ញា​ចូលរួម​អភិវឌ្ឍន៍​វិស័យ E-Commerce ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការចាប់​ដៃគូ ជាមួយ​អង្គការ UNDP និង​ក្រុមហ៊ុន​ក្នុងស្រុក ព្រមទាំង​ការកសាង​ស្ថានីយ​មួយ ដែល​សហគ្រាស​ធុន​តូច និង​មធ្យម អាច​ទម្លាក់​ផលិតផល​របស់ខ្លួន ដើម្បី​ក្រុមហ៊ុន​លក់ និង​ចែកចាយ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក៕