
ភ្នំពេញ: សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមីនានេះ បានប្រកាសថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ សម្ដេចនឹងដាក់ចេញផែនការថ្មីមួយទៀតទៅលើបញ្ហាផ្លូវដែក ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ច បើទោះបីជាសហភាពអ៊ឺរ៉ុបគំរាមដកអនុគ្រោះនាំចេញទំនេញ (EBA) ពីប្រទេសកម្ពុជាក៏ដោយ។
ការប្រកាសនេះ ក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ ដែលរៀបចំនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា «នៅពេលខាងមុខ យើងនឹងពិនិត្យជាកញ្ចប់បញ្ហា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចនិយាយជារួម មិនមែនគ្រាន់តែបញ្ហា គេឲ្យអនុគ្រោះ មិនអនុគ្រោះនោះទេ វាបញ្ហាអនាគតប្រទេសជាតិរយៈពេលវែង ដែលយើងត្រូវធ្វើកំណែទម្រង់ រាប់ទាំងប្រព័ន្ធផ្លូវដែក ដែលថ្ងៃទី២៩នេះ ខ្ញុំនឹងចាត់ការលើបញ្ហាផ្លូវដែករបៀបម្ដេច ព្រោះឥលូវ អាទៅមុខក៏វាមិនទៅ អាថយក្រោយក៏វាមិនមក»។
សម្ដេចបន្តថា សម្ដេចនឹងយកដំណោះស្រាយជាក់លាក់មួយ ដើម្បីដោះស្រាយបញ្ហានេះ ព្រោះថាបើសិន ជាមានការដឹកជញ្ជូនទាំងតាមផ្លូវគោក និងផ្លូវទឹកកាន់តែច្រើន នឹងធ្វើឲ្យកម្ពុជា ចំណេញកាន់តែច្រើន ខាងផ្នែកសេដ្ឋកិច្ច។
ចំពោះរឿងស្គេនកុងទ័រនឺ ទៅតាមកំពុងផែវិញ សម្ដេចបានបញ្ជាឲ្យមន្ដ្រីស្គេនតែកុងទ័រនឺណា ដែលវាមានការសង្ស័យថា បង្កប់គ្រឿងញៀន ឬក៏អ្វីដែលជាសារធាតុសង្ស័យបានហើយ បើសិនជាកុងទ័រនឺនោះ មិនមែនការសង្ស័យទេ មិនចាំបាច់ស្គេននោះទេ ដើម្បីកាត់បន្ថយការកក់ស្ទះនៅកន្លែងស្គេន។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា៖«ដល់ចេញពីក្រៅប្រទេស ប្រទេសណាដែលឲ្យស្គេន ចាំយើងស្គេន ប្រទេសណាមិនឲ្យស្គេន មិនចាំបាច់ស្គេននោះទេ វាមិនមែនបានលុយពីស្គេននោះទេ…ចំណេញសេដ្ឋកិច្ច កុំភ័យឲ្យរឿងស្គេន យើងរំលាយកាំសាបមួយចោទហើយ យើងខ្លាចអី»៕