នាយករដ្ឋមន្រ្តី៖ ខ្ញុំខ្ចីលុយពីចិន មិនមែនយកមកទិញយន្តហោះជិះទេ គឺយកមកធ្វើផ្លូវ ថ្នល់ ស្ពាន…!

ភ្នំពេញ: លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ២២មីនានេះបានថ្លែងថា ទំហំទឹក​ប្រាក់​ប្រ​មា​​ណ ៧០​ភាគរយ ​ដែលស្នើសុំពីចិន មិនមែនយកមកទិញរថយន្ត ឬយន្តហោះ​មក​​ជិះ​ផ្ទាល់​ខ្លួន​ទេ គឺយកមកធ្វើផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក និងប្រព័ន្ធធារាសាស្រ្ត​នា​នា បន្ទាប់ពីមាន​អ្នក​រិះ​គន់​ថា កម្ពុជាខ្ចីលុយពីចិនយ៉ាងគំហុក។
ការថ្លែងនេះ ក្នុងកម្មពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនជាលើកដំបូងនៅ​ប្រទេសកម្ពុជា​ ក្នុងភូមិស្លា ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២២ មីនានេះ។ ក្រោមអធិ​បតី​​ភាពលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ខុង សៀនយ៉ូវ (KONG XUANYOU​) អនុ​រដ្ឋមន្ត្រីក្រសួងការបរទេសចិន រួមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ និងបុគ្គលិកក្រុមហ៊ុន​ប្រមា​ណ​ជិត ១ពាន់នាក់។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបានធ្វើការជាមួយរដ្ឋាភិបាលចិន​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៦ ដោយលោកបានស្នើសុំថវិកាពីចិនប្រមាណ ៧០ភាគរយ សម្រាប់​យក​មក​ធ្វើផ្លូ​វថ្ន​ល់​ ស្ពាន ​​ប្រឡាយទឹក និងប្រព័ន្ធធារាស្រ្តជាច្រើនប្រភេទទៀត ​ប៉ុន្ដែលោកមិនបាន​ខ្ចីលុយ​ពី​ចិន​​មក​​ទិញ​រថយន្ត ឬយន្តហោះជិះផ្ទាល់ខ្លួនទេ។


លោកបានបញ្ជាក់ថា៖«ខ្ញុំបានធ្វើការជាមួយមិត្តចិនតាំងពីឆ្នាំ១៩៩៦មក ហើយសួរមិត្ត​ចិន​មើល​ថា តើខ្ញុំដែលបាន​សុំមិត្ត​ចិន ដើម្បីយកលុយមកទិញឡាន ឬទិញយន្តហោះ​ជិះ ឬអត់? ក្នុង​នោះ ៧០ភាគរយនៃ​ការ​ដែលខ្ញុំស្នើសុំទៅមិត្តចិន គឺទាក់ទងនឹងផ្លូវថ្នល់ ស្ពាន ហើយ​មួយ​ភាគ​ទៀត គឺ​ទាក់​​ទង​នឹង​ប្រឡាយទឹក។ អ៊ីចឹងបានជាទុនដែល​កំពុង​គំហុក​ធំ​មក​កាន់កម្ពុជាពីមិត្តចិន នោះ គឺសំ​ដៅ​​​ទៅ​​​លើ​​ស្ពា​ន ​ផ្លូវ ថ្នល់ និងប្រព័ន្ធធារាស្រ្តនោះហើយ»។


លោក Sam Parker និង​លោកស្រី Gabrielle Chefitz ដែល​រៀន​ចប់​ថ្នាក់​អនុបណ្ឌិតពី​សាកល​វិទ្យាល័យ Harvard Kennedy School និង​ជា​អ្នក​សរសេរ​របាយការណ៍​ ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ SHARE AMERICA កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដាឆ្នាំ២០១៨នេះ បាន​រក​ឃើញ​ថា៖«នៅ​ក្នុង​ទសវត្ស​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​រាប់​រយ​ពាន់​លាន​ដុល្លារ ដល់​រដ្ឋ​បរទេស​ជា​ច្រើន ដែល​ជា​រឿយៗ ប្រទេស​ទាំង​នោះ គ្មាន​លទ្ធភាព​សង​ចិន​វិញ​បាន​នោះ​ទេ»។ ការណ៍​ដែល​គ្មាន​លទ្ធភាព​សង​វិញ​នេះ​ ដែល​ធ្វើ​ឲ្យ​ជំនួយ​បរទេស​ខ្លះ ក្លាយ​ទៅ​ជា​អន្ទាក់​បំណុ​ល​ ព្រោះ​​ប្រទេស​ជំពាក់​បំណុល ត្រូវ​លុះ​ក្រោម​ឥទ្ធិពល​ក្នុង​កិច្ចការ​កាទូត ដោយសារ​តែ​រឿង​បំណុល​វ័ណ្ឌ​ក​នេះ៕​​​