
ភ្នំពេញ: លោក Fu Gangfeng ប្រធានក្រុមហ៊ុន China Merchants Group និងលោក Lu Vincent អនុប្រធានក្រុមហ៊ុន China Merchant Port Group កំពុងពិភាក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកំពង់ផែស្វយ័តភ្នំពេញកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញ។
តាមគេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ដើម្បីផ្លាស់ប្តូរទស្សនវិស័យនិងបទពិសោធន៍ល្អៗសំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការធ្វើឱ្យប្រសើរឡើងការតភ្ជាប់រវាងកម្ពុជា និងចិននៅថ្ងៃទី ២៣-២៨ មីនានេះ។
លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមេ China Merchants Group ក្រុមហ៊ុន China Merchant Port និងបានធ្វើទស្សនកិច្ចនៅចំណតកំពង់ផែ កុងតឺន័រ Shekou និងមណ្ឌលឡូជីស្ទីករបស់ក្រុមហ៊ុន China Merchants Port Group នៅក្រុង Shenzhen ប្រទេសចិនដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកកិច្ចសហការគ្នាក្នុងការអភិវឌ្ឍពង្រឹងសមត្ថភាពកំពង់ផែ និងលើកកម្ពស់ភាពប្រកួតប្រជែងឡូជីស្ទីកនៅកម្ពុជា។
លោកបានពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយលោក Fu Gangfeng ប្រធានក្រុមហ៊ុន China Merchants Group ដែលជាក្រុមហ៊ុនមេ និងលោក Lu Vincent អនុប្រធានក្រុមហ៊ុន China Merchant Port Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធលើទស្សនវិស័យ និងបទពិសោធន៍ជំនាញល្អៗនៅក្នុងការដឹកនាំគ្រប់គ្រងនិងដំណើរការកំពង់ផែដ៏ធំមួយនោះនៅក្រុង Shenzhen ព្រមទាំងបានពិភាក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកំពង់ផែស្វយ័តភ្នំពេញកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែ China Merchants Port។
លោក Fu បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជាក៏ដូចជាការចូលរួមលើកស្ទួយវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រីបានយល់ព្រមជាមួយលោក Lu Vincent ក្នុងកិច្ចសហការរៀបចំផែនការមេសម្រាប់ចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍវិស័យកំពង់ផែ និងឡូជីស្ទីកនៅកម្ពុជា៕