កម្ពុជា ចំណាយប្រាក់ ១៥០ ទៅ ៤០០ លានដុល្លាររៀងរាល់ឆ្នាំលើការនាំចូលបន្លែពីបរទេស

​ឯក​ឧ​ត្ត​ម វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ​ព្រឹក​ថ្ងៃ​ពុធ ​ទី០៤ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថាប្រទេស​កម្ពុជា​យើង​ត្រូវ​ការនាំចូលបន្លែ​ប្រមាណ ២០០ ទៅ ៤០០ តោន​ក្នុង​មួយថ្ងៃ ហើយជារៀងរាល់ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពី ១៥០ ទៅ ៤០០ លាន​ដុល្លារ លើ​ការ​នាំចូល​បន្លែ​ពី​បរទេស។

ថ្លែងក្នុងពិធីបើកផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពនៅ​ក្រុង​កំពង់ចាម ក្រោមការចូលរួមដោយ​សហគមន៍​បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពក្នុងខេត្តកពង់ចាម ឯកឧត្តម បាន​បញ្ជាក់ថា ​កំណើន​របស់​ប្រជាពលរដ្ឋ ធ្វើឲ្យ​តម្រូវការ និង​សេចក្តីត្រូវការ​បន្លែបង្កា​រ​មាន​កំណើន​ខ្ពស់ ដែល​ត្រូវ​នាំចូល​ពី​បរទេស ព្រោះ​ផលិតផល​ក្នុងស្រុក​មិន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

ឯកឧត្តម វេ​ង សាខុន បន្តថា ការរៀបចំ​ផ្សារណាត់ បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព​ ដើម្បី​បង្កើន​ការយល់ដឹង​អំពី​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិ​ភាពជា​សកម្មភាព​មួយ​ជំរុញ​ផលិតកម្ម​ស្បៀង បង្កើន​ការយល់ដឹង​អំពី​សុវត្ថិភាព​ក្នុងចំណោម​មហាជន អ្នកលក់ អ្នកទិញ និង​អ្នក​បរិភោគ​បន្លែ​ទូទៅ​និង​ជួយ​ផ្សារភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​រវាង​អ្នក​ផលិត​និង​ខ្សែសង្វាក់​អ្នក​ផលិត និង​ព័ត៌មាន​ទីផ្សារ​នៃ​បន្លែ​សុវត្ថិភាព ​និង​ផលិតផល​សុវត្ថិភាព។

ជាមួយតម្រូវដ៏ខ្ពស់នេះ ឯកឧត្តម វេ​ង សាខុន ក៏បានជំរុញដល់កសិករ​អ្នក​ផលិតឲ្យមានជួបជុំ​ជជែក​គ្នា​ពី​តម្រូវការ ការផ្គត់ផ្គង់​នៃ​ផលិតផល​ ដើម្បី​ទទួលបាន​ផលប្រយោជន៍ទាំងអស់គ្នា ទាំង​សេដ្ឋកិច្ច​និង​សុខភាព​ក្នុង​ក្របខ័ណ្ឌ​ធានា​ទីផ្សារ​រយៈពេល​វែង ប្រយោជន៍​សម្រាប់​កសិក​រ លើកទឹកចិត្ត​ក្នុងការ​ផលិត លើកស្ទួយ​ផលិតផល​កសិកម្ម របស់​ជាតិ ពិសេស​ការចូល​រួមកា​រ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ យើង​តាមរយៈ​គោលការណ៍​ទីផ្សារ​នៃ​បន្លែ​សុវត្ថិភាព​និង​ផលិតផល​សុវត្ថិភាព​នេះ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​យើង៕