អបអរសាទរ! ទឹកស្អុយក្នុងខេត្តព្រះសីហនុទាំងឡាយបិទលែងឲ្យហូរចូលសមុទ្រទៀតហើយ

ខេត្តព្រះសីហនុ: ប្រឡាយទឹកកខ្វក់ហូរចូលទៅសមុទ្រចំណុចឆ្នេរសុខា ត្រូវបានបិទលែងឱ្យហូរចូលសមុទ្រទៀតហើយជំនួសមកវិញដោយការបូ មទំលាក់ទៅស្ថានីយ៍អាងប្រព្រឹត្តិកម្ម នៅអូរឈើទាលវិញ ដើម្បីចម្រោះជាតិពុលសិនមុនបង្ហូរចូលទៅសមុទ្រ។ នេះបើតាមលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូប្រឡាយ អូរ បានមានប្រសាសន៍នៅថ្ងៃអង្គារ ទី២៦ ខែមីនាថា មូលហេតុនៃការសម្រេចបិទទំនប់បង្ហៀរទឹកកខ្វក់នៅចំណុចឆ្នេរសុខាខាងលើនេះ ដើម្បីស្ទាក់ទឹកកខ្វក់តាមប្រឡាយខាងលើនេះហូរចូលទៅក្នុងស្ថានីយ៍បូមទឹកកខ្វក់ទី៣ ដើម្បីបូមបញ្ចូលទៅស្ថានីយ៍ចម្រោះនៅអូរឈើទាលធ្វើការច្រោះរួចបង្ហូរចេញទៅសមុទ្រ ព្រោះការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់បានរួចរាល់និងកំពុងដំណើរការសាកល្បង។

លោកបញ្ជាក់ថា ជាគោលបំណងសំខាន់ ក្នុងកិច្ចការងារនេះគឺធ្វើយ៉ាងណាឈានទៅកាត់បន្ថយបរិមាណទឹកកខ្វក់ដែលកន្លងមកបានរហូរចូលសមុទ្រឲ្យបានជាអតិបរមាចៀសវាងនាំឱ្យប៉ះពាល់ទៅដល់ឆ្នេរនិងទឹកសមុទ្រ។
ទោះយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុមានរំពឹងថា អនាគត បញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ នឹងត្រូវដោះស្រាយបានហើយវានឹងលែងជាកង្វល់ធ្ងន់ធ្ងរដូចសព្វថ្ងៃនេះទៀត។

គួរបញ្ជាក់ថាការរៀបចំប្រពន្ធ័គ្រប់គ្រងសំណល់រាវនៅខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងនោះគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ អ ឆ ក) ក៏ត្រូវបានបង្កើតឡើងក្រោមការដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី ដើម្បីជួយដោះស្រាយបញ្ហាទឹកកខ្វក់នេះ។

ជាក់ស្តែង(គ អ ឆ ក)ដោយមានការខិតខំប្រឹងប្រែងនិងកិច្ចសហការគ្នាល្អជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្ថានីយ៍បូមទឹកកខ្វក់ចំនួន ៨ត្រូវបានរៀបចំឡើងសាងសង់ ខណៈស្ថានីយ៍ចំនួនបួនកន្លែងបានកសាងរួចរាល់និងកំពុងដំណើការសាកល្បង៕