
ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន នៅថ្ងៃទី២៧ ខែមីនានេះ បានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលានៃការនាំចូលសត្វ និងសាច់សត្វ បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់ពីបរទេស។
ការស្នើនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩-២០២០ ដែលរៀបចំធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
លោក វេង សាខុន បានបញ្ជាក់ថា៖«ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលា នូវការនាំចូលសត្វ និងសាច់សត្វ បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់ ជាពិសេសទប់ស្កាត់ដាច់ខាត ការនាំជ្រូកចូលខុសច្បាប់ ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក បាននិងកំពុងរាលដាល នៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន»។
លោកបន្តថា សមត្ថិច្ចត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងយកចិត្តទុកដាក់អនុវត្តភារកិច្ច ក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមក្រមសីលធម៌ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ត្រូវគ្រប់គ្រងមើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្សល្អ និងត្រូវពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក វេង សាខុន បានបន្ដថា បង្កើនការយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តអនុសាសន៍សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលថាមន្ត្រីត្រូវបន្តចុះជួយប្រជាពលរដ្ឋដោយស្មោះត្រង់ មានភាពទទួលខុសត្រូវខ្ពស់ឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុន៕