ក្រុមហ៊ុនជប៉ុនមួយទៀតចាប់អារម្មណ៍ខ្លាំងលើការវិនិយោគលើការកែច្នៃសូត្រកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន iL BRiLLE Co.,Ltd របស់ជប៉ុន កំពុងធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំផែនការវិនិយោគលើការកែច្នៃសូត្រកម្ពុជាឲ្យទៅជាគ្រឿងកែសម្ផស្ស និងគ្រឿងតុបតែងស្ត្រី ខណៈកំពុងស្នើឲ្យអ្នកជំនាញកម្ពុជាជួយពន្យល់ពីទីផ្សារក្នុងស្រុក។

ការបង្ហាញនេះ ក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួង។
លោក វេង សាខុន បានថ្លែងថា ក្រុមហ៊ុន iL BRiLLE Co.,Ltd នៃប្រទេសជប៉ុនកំពុងធ្វើការសិក្សា ស្រាវជ្រាវ និងរៀបចំផែនការវិនិយោគលើការកែច្នៃសូត្រ ទៅជាគ្រឿងសំអាង ហើយដើម្បីឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យ លោក Takahashi Fumiaki ស្នើសុំការណែនាំ និងកិច្ចសហការពីលោករដ្ឋមន្ត្រី ដើម្បីអភិវឌ្ឍវិស័យសូត្រកម្ពុជា ជាប្រយោជន៍ដល់ប្រជាកសិករ និងភាពល្បាញល្បីនៃសូត្រកម្ពុជាលើទីផ្សារអន្តរជាតិ។
លោកបន្តថា តាមរយៈលោក Takahashi Fumiaki នឹងអាចទាក់ទាញអ្នកវិនិយោគគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ពិសេសលើការកែច្នៃវត្ថុធាតុដើម ទៅជាផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។

លោករដ្ឋមន្ត្រី បានធ្វើការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយលោកសន្យាថា នឹងផ្ដល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យដូចរំពឹងទុក។

លោកបានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីបង្កើតក្រុមការងារសិក្សាស្រាវជ្រាវ និងវាយតម្លៃជាលំអិតអំពីសក្តានុពលនៃផលិតកម្មសូត្រដោយត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញនូវតម្លៃបន្ថែមតាមរយៈការប្រើប្រាស់យន្តការទំនើបកម្មបច្ចេកទេសខ្ពស់ និងស្លាកសញ្ញសំគាល់។
ជាមួយនេះ លោករដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុន ធ្វើការរៀបចំសេចក្តីព្រាងសម្រាប់ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុនសម្រាប់សហការធ្វើការឲ្យទទួលបានជោគជ័យនាពេលអនាគត៕