កម្ពុជាចរចាទិញកប៉ាល់ផលិតអគ្គិសនីកម្លាំង២០០មេហ្គាវ៉ាត់ពីតូកគីបានជោគជ័យ

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសតូកគី តាមរយៈស្ថានទូតតូកគីប្រចាំប្រទេសកម្ពុជាបានសម្រេចយល់ព្រមលក់កប៉ាល់អគ្គិសនីមួយគ្រឿងដែលកម្លាំងផលិតអគ្គិសនីចំនួន ២០០មេហ្គាវ៉ាត់ឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីជួយផ្តត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងស្រុកដែលមានរយៈពេលមិនតិចជាង៣ឆ្នាំ។

ការថ្លែងនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលបានប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩នេះ។
សម្តេច ហ៊ុន សែន បានឲ្យដឹងថា ក្រុមហ៊ុនរបស់តួកគីមួយបានសម្រេចផ្តល់កប៉ាល់មួយគ្រឿងដែលផលិតកម្លាំងអគ្គិសនី ២០០មេហ្គាវ៉ាត់ ដើម្បីជួយផ្តត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា តែមានរយៈពេលមិនតិចជាង៣ឆ្នាំទេ។
នៅក្នុងវេទិកានោះ សម្តេចបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយពាក់ព័ន្ធនឹងការទិញកប៉ាល់អគ្គិសនី ដើម្បីដាក់ជូនប្រធានាធិបតីតួកគី។ សម្តេចក៏បានអគុណឯកអគ្គរដ្ឋទូតតូកគីដែលខិតខំធ្វើការពាក់ព័ន្ធនឹងបញ្ហាអគ្គិសនី ដើម្បីយកមកផ្កត់ផ្គង់នៅកម្ពុជា។

សម្ដេចបានបញ្ជាក់ថា៖«ខ្ញុំសូមអរគុណលោកជំទាវដែលបានប្រឹងប្រែងពេញមួយថ្ងៃ នៅក្នុងការចរចារវាងក្រុមហ៊ុនតូកគី ក្នុងការផ្គត់ផ្គង់អគ្គិសនី ហើយឥឡូវពួកគេបានចរចាត្រូវគ្នាហើយ ខ្ញុំបានឲ្យក្រសួងការបរទេស និងក្រសួងឧស្សាហកម្ម ព្រៀងលិខិតឲ្យខ្ញុំ ដើម្បីខ្ញុំចុះហត្ថលេខាផ្ញើជូនទៅប្រធានាធិបតីយ្យតូកគី អរគុណចំពោះការឧបត្ថមគាំទ្រនៃក្រុមហ៊ុនតូកគីមួយ ព្រោះយើងខ្ញុំកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់ ដោយសារឆ្នាំនេះមានបញ្ហា អ៊ីចឹងត្រូវនាំកប៉ាល់មួយដែលមានកម្លាំង២០០មេហ្គាវ៉ាត់ចូលមកទីក្រុងភ្នំពេញ ដើម្បីផ្គត់ផ្គង់អគ្គីសនី»។

ក្រៅពីនាវារបស់តួកគីដែលផ្ទុកដោយអគ្គិសនីដើរដោយប្រេងខ្មៅអាចអូសអគ្គិសនីចូលមកកាន់រាជធានីភ្នំពេញប្រមាណជា ២០០មេហ្គាវ៉ាត់បន្ថែមនោះ ប្រទេសជិតខាងទាំង៣ គឺវៀតណាម ថៃ និងឡាវក៏ជួយផ្គត់ផ្គង់អគ្គិសនីកម្ពុជាដែរ ដោយវៀតណាមនៅរក្សាការផ្គត់ផ្គង់១៧០មេហ្កាវ៉ាត់ដដែល ហើយថៃជួយផ្គត់ផ្គង់៨០មេហ្កាវ៉ាត់បន្ថែម និងឡាវជួយផ្គត់ផ្គង់១០មេហ្កាវ៉ាត់បន្ថែម។

លើសពីនេះ សម្ដេចធ្លាប់ស្នើឲ្យអ្នកដែលលក់ម៉ាស៊ីនភ្លើងកុំដំឡើងថ្លៃហួសហេតុពេក។«សូមមេត្តាក្រុមហ៊ុនដែលលក់ម៉ាស៊ីនភ្លើងទៅឲ្យប្រជាពលរដ្ឋកុំលក់ថ្លៃពេក។ នេះគ្រាន់តែជាការអំពាវនាវ ដើម្បីឲ្យមានការយោគយល់ពីការលំបាកដោយសារអាកាសធាតុ ហើយមួយផ្នែកទៀតក៏វាទាក់ទងនឹងដំណើរការវិនិយោគយ៉ាងកំហុករបស់យើងដែរ»៕