
ខេត្តកំពត: រោងចក្រផលិត និងផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតដែលជាជំនួយសាងសង់របស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦ លានដុល្លារសហរដ្ឋអាមេរិក នៅថ្ងៃទី២ ខែមេសានេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន ខណៈពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូសរុបប្រមាណ ១៣,០០០គ្រួសារទទួលផលពីរោងចក្រនេះ ។
ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នោះ លោក Hidehisa Hironouchi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានថ្លែងថា រោងចក្រផលិត និងផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០១៨នេះ។ លោកបន្តថា តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឲ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតមានសមត្ថភាពផលិតទឹក ស្អាតសរុបប្រមាណ ១៣,២៦០ម៉ែត្រគូបក្នុង១ថ្ងៃ គឺស្មើនឹងជាង ២ដងនៃសមត្ថភាពផលិតពីមុន។ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ រួមជាមួយបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រធ្វើឲ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀលក្នុង១ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបប្រមាណ ១៣,០០០គ្រួសារ។ លោកបញ្ជាក់បន្ថែមថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត សម្រេចបានគោលនយោបាយរបស់រដ្ឋាភិបាលដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើនឹងជាង២ដងនៃសមត្ថភាពផលិតពីមុន។ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ រួមជាមួយបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឲ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀលក្នុង១ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបប្រមាណ ១៣,០០០គ្រួសារ។
សម្ដេចបន្តថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត សម្រេចបានគោលនយោបាយរបស់រដ្ឋាភិបាលដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។
សម្តេចថា ការកើតមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត ដែលកើតចេញពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាពិសេសក៏ជាការទាក់ទាញឱ្យមានការវិនិយោគ កាន់តែច្រើនបន្ថែមទៀតនៅទីក្រុងឆ្នេរសមុទ្រមួយនេះ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតមានការប្រែប្រួលរីកចម្រើនខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តគួរឲ្យកត់សម្គាល់ និងកំណើននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ខេត្តកំពតនឹងមានកំពង់ផែទឹកជ្រៅក្នុងពេលឆាប់ៗខាងមុខ ក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកទំនិញផលិតផលកម្ពុជា ទៅកាន់ទៅផ្សារបរទេសផងដែរ៕