
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣មេសានេះ បានចេញមុខច្រានចោលព័ត៌មានថា កម្ពុជាមិនបានជំពាក់បំណុលបរទេសរហូតដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងដូច្នេះទេ បន្ទាប់ពីថ្មីៗនេះមានសារព័ត៌មានមួយចំនួនចុះផ្សាយអំពីទំហំបំណុលកម្ពុជាជំពាក់បរទេសរហូតដល់១ម៉ឺនលានដុល្លារ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលសារព័ត៌មាន The Plus News ទទួលបាននៅថ្ងៃទី០៣ ខែមេសានេះបង្ហាញថា៖«ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបថា តួលេខជាង១ម៉ឺនលានដុល្លារអាមេរិកនោះ គឺជាតួលេខនៃការខ្ចីឥណទានសម្បទាន ដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ជាមួយដៃគូអភិវឌ្ឍន៍ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ២០១៨ ពោលគឺ ពុំមែនជាតួលេខសន្និធិបំណុលបរទេសដែលកម្ពុជាជំពាក់ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ២០១៨ ទេ»។
ក្រសួងបញ្ជាក់ថា ជាបច្ចេកទេសបើចង់ដឹងអំពីទំហំបំណុលសាធារណៈក្រៅប្រទេស ដែលកម្ពុជាជំពាក់ជាក់ស្ដែង គឺគេត្រូវមើលតួលេខសន្និធិបំណុលសាធារណៈក្រៅប្រទេស (Public External Debt Outstanding) ដែលគិតត្រឹមដំណាច់ឆ្នាំ២០១៨ មានចំនួនប្រមាណ៧ប៊ីលាន (៧ពាន់លាន) ដុល្លារអាមេរិកប៉ុណ្ណោះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ទៀតថា «បើគ្រាន់តែចុះកិច្ចព្រមព្រៀងខ្ចីឥណទានពីក្រៅប្រទេស ពុំទាន់មានន័យថា យើងជំពាក់បំណុលបរទេសនោះទេ គឺលុះត្រាតែយើងបានដកសាច់ប្រាក់ពីដៃគូយកមក ប្រើប្រាស់សិន ទើបគិតថា «ជាបំណុលសាធារណៈក្រៅប្រទេស» ហើយជាក់ស្ដែង យើងក៏មានការបង្វែរ សាច់ប្រាក់ដែលមិនបានប្រើប្រាស់មួយចំនួន និងសងប្រាក់ដើមជាបណ្តើរៗទៅដៃគូវិញហើយដែរ»។ ក្រសួងសេដ្ឋកិច្ចពន្យល់ថា ជាបទដ្ឋានបច្ចេកទេសអន្តរជាតិ ដើម្បីវាស់ស្ទង់អំពីស្ថានភាពបំណុលសាធារណៈក្រៅប្រទេស របស់ប្រទេសមួយ គេពុំមើលទៅលើតួលេខសន្និធិបំណុលសាធារណៈក្រៅប្រទេស ឬតួលេខនៃការខ្ចីឥណទានសម្បទានសរុប ឬតួលេខសេវាបំណុលសរុបទេ ពោលគឺ គេត្រូវពិនិត្យទៅលើអនុបាតបំណុលសាធារណៈក្រៅប្រទេសសំខាន់ៗចំនួន០៤ ធៀបនឹងអនុបាតគោល។
ជារួមផ្អែកតាមការវិភាគចីរភាពបំណុល បង្ហាញថា អនុបាតបំណុលសាធារណៈក្រៅប្រទេសទាំង០៤ របស់កម្ពុជាសម្រាប់ឆ្នាំ២០១៨ សុទ្ធតែស្ថិតនៅក្រោមអនុបាតគោលទាំងអស់ ដែលក្នុងនោះ អនុបាតសំខាន់ជាងគេគឺ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងផលិតផលក្នុងស្រុកសរុប-ផ.ស.ស) (Present Value of Public External Debt to GDP) មានត្រឹមកម្រិត២១.៤% ធៀបនឹងអនុបាតគោល៤០% (សូមមើលតារាងទី២.ក. នៃព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ៧ ទំព័រទី១២) ដែលអាចសន្និដ្ឋានបានថាស្ថានភាពបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»។ លទ្ធផលនេះ ក៏ត្រូវបានវាយតម្លៃ និងទទួលស្គាល់ដូចគ្នាផងដែរ ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភពលោក, និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្កត់ធ្ងន់ថា «សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា រាជរដ្ឋាភិបាលបាន និងកំពុងគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយស្មារតីប្រយ័ត្នប្រយែងខ្ពស់ និងតែងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍គន្លឹះទាំង០៤ រួមមាន៖ ១៖ ត្រូវខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ២៖ ត្រូវខ្ចីតែឥណទានដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុគ្រោះខ្ពស់, ៣៖ ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, និង ៤៖ ត្រូវប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត»៕