ក្រោយផ្ទុះការរិះគន់លើកហ្វេសប៊ុក..  លោក ហង្ស ព្រីន្សយ៉ា នៅតែប្រកាន់ជំហរ «កម្ពុជានឹងក្លាយជាហង្សធំអាស៊ី»

គេមើលឃើញថា មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានប្រតិកម្មខ្លាំង ហើយរិះគន់ចំៗចំពោះសម្ដីលោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដីវិនិយោគដាំដុះដូចជាចម្ការធុរ៉េន ចម្ការដូងក្រអូប ចម្ការប័រ និងចម្ការក្រូច ដែលធ្លាប់បានអះអាងថា កម្ពុជាមិនអាចប្រដូចខ្លួនទៅជាខ្លា ឬជានាគនៅក្នុងតំបន់អាស៊ីបានទេ ប៉ុន្តែកម្ពុជានឹងអាចប្រដូចខ្លួនជាហង្សនៅក្នុងតំបន់ធំមួយក្នុងរយៈពេល៣ទៅ៥ឆ្នាំទៀត តាមរយៈយុទ្ធសាស្ត្រពង្រីកកសិកម្ម និង វិស័យសេដ្ឋកិច្ចនោះ ខណៈនេះលោកនៅតែប្រកាន់ជំហរអះអាងទៀតថា  «កម្ពុជានឹងក្លាយជាហង្សធំអាស៊ី»។
នៅក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធការិយាល័យលក់ដីចម្ការនៅខេត្តកំពតនោះ ក៏មានពិធីជប់លៀងទ្រង់ទ្រាយធំ  ពិធីចាប់ឆ្នោតយកចម្ការ  យកប័ណ្ណបញ្ចុះតម្លៃ និងទៅកម្សាន្តនៅម៉ាកាវ ក៍មានវត្តមានតារាល្បីគឺ កញ្ញា ឱក សុគន្ធកញ្ញា  អ្នកនាង ចាន់ កែវនិមល និង លោក ជា វិបុល បង្កបរិយាកាសយ៉ាងអឹកអធឹកផងដែរ។ ក្រោយពិធីកាត់ខ្សែបូរលោក ហង្ស ព្រីន្សយ៉ា ថ្លែងប្រាប់សារព័ត៌មាន The Plus News ថា សត្វហង្ស គឺសត្វសុភាព ហើយអ្នកណាក៍ស្រឡាញ់ អ្នកណាក៏ចង់ធ្វើជាម្ចាស់ ដោយសារតែរូបសម្រស់ និងរូបរាងដ៍ទាក់ទាញរបស់សត្វនេះ។ មិនខុសគ្នាដែរ កម្ពុជា ក៍មិនខុសពីហង្សមួយក្បាលដែរ ដោយសារតែកម្ពុជាមានទាំងធនធានធម្មជាតិ  ធនធានចំណេះដឹង ហើយអ្វីដែលសំខាន់គឺកម្ពុជានៅមានកត្តាច្រើនណាស់ដែលអាចក្លាយជាហង្ស និងក្លាយជាប្រទេសអ្នកមានទៅបាន។ លោកឧទាហរណ៍ថា សម្រាប់វិស័យបច្ចេកវិទ្យា និងឧស្សាហកម្មទំនើប កម្ពុជាមិនអាចទៅរួចជាមួយប្រទេសក្នុងតំបន់នោះទេ ប៉ុន្តែពឹងលើសណ្ឋានដី និងវិស័យកសិកម្មតែមួយផ្នែកក៍កម្ពុជាអាចក្លាយជាហង្សធំមួយ ដែលអារកចំណូលចូលហោប៉ៅពលរដ្ឋ និងជួយឱ្យកម្ពុជារួចផុតពីបន្ទាត់ក្រីក្របានដែរ។
លោកបន្តលើកឡើងថា នៅក្នុងពេលនេះក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោក បានបោះទុនវិនិយោគប្រមូលទិញដីទុកចោលរបស់ពលរដ្ឋរាប់ម៉ឺនហិកតារនៅក្នុងបណ្ដាខេត្តសំខាន់ៗ រួមមានខេត្ត កំពត  ខេត្តពោធិសាត់ ខេត្តមណ្ឌលគីរី  និងខេត្តសៀមរាប ជាដើម ដើម្បីវិនិយោគដាំដុះជាចម្ការធុរ៉េន  ជាចម្ការដូងក្រអូប  ជាចម្ការប័រ និងជាចម្ការក្រូចជាដើម  ដោយក្រុមហ៊ុនរបស់លោកបានទាំងប្រើយុទ្ធសាស្ត្រពុះដីធំៗទាំងនោះ ជាចម្ការមួយហិកតារៗលក់ឱ្យពលរដ្ឋ ក្នុងលក្ខណ្ឌបង់រំលោះ ឬ បង់ផ្ដាច់ ដើម្បីឱ្យពលរដ្ឋបានរួមចំណែកធ្វើជាអ្នកវិនិយោគក្នុងគម្រោងរបស់លោក។ លោកបន្តថា នៅក្នុងដំណាក់កាលកំពុងឈូសឆាយ និងធ្វើការដាំដុះនេះ កម្ពុជាមើលមិនទាន់ឃើញថាខ្លួនគឺជាហង្សដូចអ្វីដែលលោកអះអាងនោះទេ ប៉ុន្តែនៅរយៈពេល៣ឆ្នាំក្រោយ ទៅ៥ឆ្នាំក្រោយ ក្នុងពេលដែលដីទំនេរ ដីមិនប្រើការដែលលោកវិនិយោគហើយពុះជាឡូតិ៍ទាំងៗនោះប្រែក្លាយជាចម្ការដំណាំ ដែលលក់បានចំណូល នៅពេលនោះហើយដែលកម្ពុជានឹងមើលឃើញថាខ្លួនគឺជាប្រទេសដែលអាចទាក់ទាញក្រុមវិនិយោគទុនបរទេស និងអន្តរជាតិកម្រិតណា។
លោកថា កន្លងមកបណ្ដាក្រុមហ៊ុនតូចធំៗ រមែងប្រើតែយុទ្ធសាស្ត្រដាំដុះចម្ការតែម្នាក់ឯង ហើយនៅពេលចម្ការទាំងមូលធំពេក ប្រើទុនមកទប់លឬងរួចក៍បោះបង់ចោល ធ្វើឱ្យកម្ពុជានៅតែមានដីអត់ប្រយោជន៍សេសសល់ពាសវាលពាសកាល ប៉ុន្តែរូបលោកលោកមើលឃើញថា មានតែការចូលរួមពីសំណាក់បងប្អូនក្នុងស្រុក  ដែលរួមចំណែកធ្វើជាម្ចាស់ចម្ការ ម្ចាស់ភាគហ៊ុនប៉ុណ្ណោះ ទើបអាចឱ្យវិស័យកសិកម្មនៅក្នុងប្រទេសទាំងមូលឈានឡើងថល់កំពូល។ លោកថ្លែងបញ្ជាក់ថា”កាលពីមុនក្រុមហ៊ុនធំៗគាត់ធ្វើចម្ការតែម្នាក់ឯង ចឹងទោះចង់មិនចង់ដើមទុនដែលគាត់ប្រឹងធ្វើគឺនឹងបាត់និរន្តរភាព ប៉ុន្តែរូបខ្ញុំ ខ្ញុំហ៑ាននិយាយថាកម្ពុជានឹងក្លាយជាហង្សនៅអាស៊ីទៅបាន គឺដោយសារតែក្នុងពេលនេះ ខ្ញុំចាប់អារម្មណ៍ថាគម្រោងលក់ចម្ការរបស់ក្រុមហ៊ុនទៅកាន់បងប្អូនយើង គឺបងប្អូនយើងរួមគ្បាទិញច្រើន ចឹងបើមួយគ្រួសារៗសុទ្ធតែមានចម្ការ ហើយចម្ការទាំងនោះត្រូវបានថែទាំដោយក្រុមហ៊ុន ដើម្បីឱ្យកកើតជាដំណាំលើផ្ទៃដីដែលក្រុមហ៊ុនប្រកាសលក់រាល់ថ្ងៃ តើកម្ពុជានឹងខ្វះភោគផលទៀតទេ ហើយបើកម្ពុជាក្លាយជាប្រទេសនាំចេញកសិកម្មធំមួយក្រៅពីអង្ករដែលធ្លាប់មាន តើកម្ពុជាអាចចាត់ទុកថាជាហង្សនៅអាស៊ី ឬក្នុងតំបន់បានឬ មិនបាន?“។
លោកហង្ស ព្រីន្សយ៉ា បន្តថា នៅក្នុងពេលនេះក្រុមហ៊ុនរបស់លោកបោះទុនរាប់លានដុល្លារទិញដីនៅខេត្តមណ្ឌលគីរីវិនិយោគដាំប័រ  ទិញដីនៅខេត្តកំពតវិនិយោគដាំធុរ៉េន ទិញដីនៅខេត្តពោធិសាត់វិនិយោគដាំធុរ៉េន និងដូងក្រអូប និងទិញដីនៅខេត្តសៀមរាបវិនិយោគដាំដូងក្រអូប ដោយពុះលក់បង់រំលោះបានច្រើនពាន់ហិកតារមកហើយ ខណៈដែកក្រុមហ៊ុនក៏បានសហការជាមួយថៃដែលជាស្ដេចកសិកម្មឱ្យជួយបច្ចេកទេសក្នុងការដាំដុះ  និងមើលថែដំណាំទាំងនោះ ដើម្បីឱ្យដីចម្ការដែលបងប្អូនបានទិញគឺពិតជាមានអ្នកមើលថែ និងដាំដុះដំណាំឱ្យដូចក្នុងកិច្ចសន្យា ដើម្បីឱ្យ៤ឆ្នាំក្រោយ គឺចម្ការដែលបានទិញពីក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោកមានផ្លែផ្កាពិតប្រាកដ។ ក្នុងនោះក្រុមហ៊ុនក៍ទើបតែចុញកិច្ចព្រមព្រៀងជាមួយមហាយក្សចិន ក្នុងការផ្គត់ផ្គង់ធុរ៉េន និងដូងក្រអូប ក្នុងជំហានដំបូងគឺ២។
ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណអភិបាលខេត្តពោធិ៍ បានគូសបញ្ជាក់ថា កម្ពុជាពិតជាអាចក្លាយជាហង្សនៅអាស៊ីបាន ប្រសិនបើក្រុមហ៊ុនហង្សម្ចាស់ដី ដែលប្រកាសវិនិយោគលើដីរាប់ម៉ឺនហិកតារដែលដីទាំងនោះភាគច្រើនជាដីកសិកម្មពលរដ្ឋទុកចោល ឱ្យក្លាយជាចម្ការទ្រង់ទ្រាយធំៗ ដែលជួយឱ្យកម្ពុជាអាចផ្គត់ផ្គង់ផលិតផលធុរ៉េន ដូងក្រអូប និង ប័រ ឈានដល់ការនាំចេញដូចការគ្រោងទុក។ លោកថាគម្រោងអចលនទ្រព្យកូនកាត់របស់ក្រុមហ៊ុនហង្សម្ចាស់ដី គឺជាយុទ្ធសាស្ត្រខ្លាំងមួយដែលជួយឱ្យដីទមនេរក្លាយជាចម្ការធម្មជាតិ ហើយវាជារឿងល្អណាស់ដែលពលរដ្ឋគ្រាន់តែតីញដីចម្ការក៍មានក្រុមការងាររបស់ក្រុមហ៊ុនដាំដុះចម្ការឱ្យដោយរង់ចាំតែទទួលផល ដែលលោកក៍មើលឃើញថាបើគម្រោងមួយនេះទទួលជោគជ័យ គឺប្រទេសកម្ពុជានឹងក្លាយជាប្រទេសកសិផលធំមួយ ដោយសារតែពលរដ្ឋភាគច្រើនគឺជាម្ចាស់ចម្ការ ហើយក្រុមហ៊ុនគ្រាន់តែវិនិយោគទិញផល ដែលមិនពិបាករឿងចំណាយ និងគ្រប់គ្រងដើមទុនតែឯងដូចក្រុមហ៊ុនធ្វើគម្រោងកសិកម្មធំៗកន្លងមក៕