សម្ដេច ហ៊ុន សែន ប្រាប់ពីប្រវត្តិស្ពានជ្រោយចង្វារទី១ ពិតជាគួរឲ្យភ្ញាក់ផ្អើល

ភ្នំពេញ: បន្ទាប់ពីបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកឡើងវិញអំពីប្រវត្តិស្ពានជ្រោយចង្វារទី១ ដែលក្នុងសម័យសង្គ្រាមក្នុងអំឡុងឆ្នាំ ១៩៧២ ស្ពាននេះត្រូវបានកាត់ផ្តាច់ពីគ្នា ដែលធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរដោយត្រូវជិះទូក និងជិះកាណូតឆ្លងដើម្បីកាត់ទន្លេស្លាបដ៏ធំមួយនេះ។

តាមហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រីបានបង្ហាញថា រហូតដល់ឆ្នាំ១៩៩២ ក្នុងពេលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលស្វះស្វែងរកសុខសន្តិភាព ឯកភាពជាតិ រួបរួមគ្នាបញ្ចប់សង្គ្រាម នៅពេលនោះស្ពានជ្រោយចង្វារទី១ ក៏ត្រូវបានជួសជុល និងតភ្ជាប់ឡើងវិញដោយប្រទេសជប៉ុន ហើយក៏បានប្តូរឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។ នៅចុងឆ្នាំ២០១៧ ដោយសារតែស្ពាននេះមានអាយុកាលច្រើន ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឲ្យមានការជួសជុលធានាសុវត្ថិភាពឡើងវិញជាបន្ទាន់។ ក្រោយពីការជួសជុលរួចរាល់ដែលបានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅពេលនេះ គឺអាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខថែមទៀត។

ដូច្នេះពេលនេះ ការសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញនៃស្ពានជ្រោយចង្វារទី១នេះ ហាក់បីដូចជាសមិទ្ធផលថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញ ក្នុងការបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសការដាក់ឲ្យប្រើប្រាស់នេះ ក៏ជាចំណងដៃថ្មីដល់ប្រជាពលរដ្ឋ។ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ពាក់កណ្តាលខែមេសាខាងមុខនេះ។ សូមជនរួមជាតិធ្វើដំណើរមានសុខសុវត្ថភាពទាំអស់គ្នា ហើយចេះយោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមក ជាពិសេស ត្រូវចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ សូមអរគុណរដ្ឋាភិបាល និងប្រជាជប៉ុនដែលតែងតែជួយកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា៕