គិតត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាប្រមូលចំណូលសម្រាប់ថវិកាជាតិបានជាង៨៣៤លានដុល្លារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមូលចំណូលពន្ធអាករសម្រាប់ថវិកាជាតិបានចំនួន ៣,៣៣៩.០៧ ប៊ីលានរៀល ស្មើនឹងប្រមាណ ៨៣៤.៧៧ លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការបង្ហាញនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ដើម្បីបូកសរុបការងារ និងជំរុញការធ្វើកំណែទម្រង់គោលនយោបាយ ការកំណែទម្រង់រដ្ឋបាលសារពើពន្ធ ព្រមទាំងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធដារ ដែលជាកត្តាជំរុញឲ្យសម្រេចបានលទ្ធផលនិងសមិទ្ធផលជាច្រើនប្រកបដោយប្រសិទ្ធភាព។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករសម្រាប់ខែមីនា ឆ្នាំ២០១៩ ដែលប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១,៩០៤.១៦ ប៊ីលានរៀល (ប្រមាណជា៤៧៦.០៤លានដុល្លារអាមេរិក) ស្មើនឹង ២០.៨០ភាគរយនៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមីនា ឆ្នាំ២០១៨ គឺកើនឡើងចំនួន ១១៨.០៧ប៊ីលានរៀល (ប្រមាណជា២៩.៥២ លានដុល្លារអាមេរិក) ស្មើនឹង ៦.៦១ភាគរយ។

លោកបន្តថា សរុបរយៈពេល០៣ខែ ឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៣,៣៣៩.០៧ ប៊ីលានរៀល (ប្រមាណ៨៣៤.៧៧ លានដុល្លារអាមេរិក) ស្មើនឹង ៣៦.៤៨ភាគរយនៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល ០៣ ខែ ឆ្នាំ២០១៩ កើនឡើងចំនួន២៩២.៦៥ ប៊ីលានរៀល (ប្រមាណជា ៧៣.១៦ លានដុល្លារអាមេរិក) ស្មើនឹង១២.៣៥ភាគរយ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការពង្រឹងអភិបាលកិច្ចល្អ គឺធ្វើការពិនិត្យសិក្សាលើតម្រូវការ និងរៀបចំដាក់ចេញលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាប្រសិទ្ធភាពនិងគាំទ្រដល់ការអនុវត្តនៃបទប្បញ្ញត្តិ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក ក្នុងគោលដៅកែលម្អបរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច។

លោកបន្តថា លើសពីនេះ បង្កើនការផ្សព្វផ្សាយអំពីខ្លឹមសារនិងការអនុវត្តនៃលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញកន្លងមក ក្នុងគោលដៅកែលម្អបរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីអនុវត្តនូវវិធានការពាក់ព័ន្ធនឹងពន្ធដារដែលទទួលបានគោលការណ៍ផ្សេងៗទៀត៕