ស្ថានីយ​​វារី​អគ្គិ​សនី៣កន្លែង​បន្ថែម​ទៀត​ នឹងលេចជារូបរាង ក្រោម​ទុន​វិនិ​យោគ ២៣១,១០លាន​ដុ​ល្លារ

ភ្នំពេញ: ប្រមុខរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការវិនិយោគលើការសង់ស្ថា​នី​យ​វារី​អគ្គិ​សនីចំនួន៣កន្លែង​បន្ថែមទៀត ដោយគម្រោងនៅ​ស្ទឹងពោធិ៍សាត់១មានកម្លាំង ៨០MW ខណៈគម្រោង​​ស្ថានីយ​អគ្គិសនីដើរដោយពន្លឺ​ព្រះអាទិត្យ ០២ កន្លែងនៅ​ខេត្តពោធិ៍​សាត់ ដោយ១ កន្លែងមានកម្លាំង ៦០MW និងនៅ​កំពង់​ឆ្នាំង ០១កន្លែ​ង​មានកម្លាំង ៦០MW ក្រោមទុនវិនិយោគសរុប ២៣១,១០លានដុល្លារអាមេរិក។

ក្នុងកិច្ចប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានពិ​ភា​ក្សា​លើរបៀបវារៈស្តីពី“សំណើ​សុំ​ការ​ពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​សាង​សង់ស្ថា​នី​យ​វារី​អគ្គិ​សនី​ស្ទឹងពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង”។

អង្គពិធីបានបង្ហាញថា៖ វិស័យ​អគ្គិ​សនី​ថ្មីចំនួន​០២ គឺទី១ គម្រោងវិនិយោគ​សាង​សង់ស្ថានីយវា​រី​អគ្គិ​ស​នី​ស្ទឹងពោធិ៍​សាត់១ អានុភាព ៨០មេហ្កាវ៉ាត នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី២ គម្រោ​ង​វិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ០២ កន្លែងនៅពោធិ៍សាត់ ០១កន្លែង ៦០MW និងនៅ​កំពង់​ឆ្នាំ​ង ០១កន្លែង ៦០MW ដើម្បីផលិតអគ្គិសនី​លក់​ឲ្យអជ្ញាធរ​អគ្គិសនីកម្ពុជាវិញ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបង្ហាញថា គម្រោងវារី​អគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងអាទិភាពមួយដែលរាជរដ្ឋាភិបាលបានបញ្ចូលក្នុង​ផែនការមេអភិវឌ្ឍនវិស័យ​អគ្គិ​សនី​ដែល​ត្រូវដាក់ឲ្យដំណើរការនៅ​ឆ្នាំ២០២៣ ដែលវិនិយោគដោយក្រុមហ៊ុន KTC Cable Co.,Ltd និងក្រុមហ៊ុនជាដៃគូរវិនិយោគធ្វើការសិក្សា​បុរេសមិ​ទ្ធិ​លទ្ធភាពចាប់តាំងពី​ឆ្នាំ​២០១១មក។

លោកបន្តថា ភាគីរដ្ឋាភិបាលនិងក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងវិនិយោគក្រោម​រូបភាពវិនិយោគសាងសង់-ដំ​ណើរ​ការ-ផេ្ទរ (BOT) ទុនវិនិយោគសរុប ២៣១,១០លានដុល្លារអាមេរិក ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖ ទំនប់ទឹក បំពង់បង្ហូរទឹកផ្លូវថ្នល់ សា្ថនីយវារី អគ្គិសនី អានុភាព ៨០ MW ខែ្សបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ប្រវែង ៥គីឡូម៉ែត្រ ពីស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ទៅភ្ជាប់ជាមួយខែ្សបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុលដែលមានស្រាប់ពីអនុស្ថានីយអូរសោមទៅអនុស្ថានីយពោធិ៍សាត់ និងហេដ្ឋារចនាសម្ព័ន្ធបន្ទាប់​បន្សំដទៃទៀត។

លោកបន្តថា គម្រោងនេះ ប្រើរយៈពេលសម្បទាន ៣៩ឆ្នាំ ក្នុងនោះ ៤ឆ្នាំ សម្រាប់ការសាងសង់ និង៣៥ឆ្នាំ សម្រាប់​ការធ្វើអាជីវកម្ម លើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខាឧបករណ៍ និងសំភារៈនានា សម្រាប់ការសាងសង់ លើកលែងតែប្រេងឥន្ធនៈ ដែលក្រុមហ៊ុនត្រូវតែបង់ពន្ធជាធម្មតាស្របតាមច្បាប់ជាធរមាន និងរយៈពេលលើកលែងពន្ធលើប្រាក់ចំណេញ គឺ០៩ ឆ្នាំ ចាប់ពីថ្ងៃប្រតិបត្តិការអាជីវកម្ម (ពន្ធដទៃទៀតត្រូវបង់ធម្មតា)។

ចំណែក គម្រោងស្ថានីយវារីអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ ០២ កន្លែង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ១ កន្លែង និងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ ១ កន្លែង។ ​ទីតាំងទី១ អានុភាព ៦០ MW នៅតាមបណ្តោយផ្លូវលេខ៥ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទីតាំងទី២ អានុភាព ៦០MW នៅតាមបណ្តោយផ្លូវលេខ៥៣ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ​ង ដោយអនុញ្ញាតឲ្យគណៈកម្មការអន្តរក្រសួងធ្វើការចរចាផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងលក្ខខណ្ឌដាក់ឲ្យ​ដំណើរការបន្ទាន់នៅឆ្នាំ២០២១នេះ។

លោក ផៃ ស៊ីផាន ថ្លែងថា ផលប្រយោជន៍ពីការអភិវឌ្ឍគម្រោង​ គឺកម្ពុជានឹង​ទទួលបានអគ្គិសនីពីប្រភពថាមពលកកើតឡើងវិញ ដែលមានអានុភាពធំ កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់។ បន្ថែមបរិមាណផលិត ដែល​ធានាបាននូវសន្តិសុខថាមពលក្នុងការផ្គង់អគ្គិសនី មានគុណភាព និងមានថ្លៃសមរម្យ។

លោកបន្ថែមថា វាជួយបំពេញកង្វះអគ្គិសនីក្នុងរដូវប្រាំង ផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់ នៅក្នុងដំណាក់កាលសាងសង់ និងដំណើរការដែលនាំមកនូវបច្ចេកវិទ្យាទំនើប។ បន្ថែមលើនេះ ​រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបជាមធ្យមប្រមាណ ៥៦៨ ៣៧៤ ដុល្លារអាមេរិកក្នុង១ឆ្នាំ នេះមិនទាន់គិតដល់ពន្ធដទៃទៀតដែល​អគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់ជូនរដ្ឋក្នុងការចែកចាយលក់បន្តឲ្យអ្នកប្រើបា្រស់៕​