ពលរដ្ឋខ្មែរអាចដំណើរតាមរថភ្លើងដល់ម៉ាឡេស៊ី ឬសិង្ហបុរីចាប់ពីចុងខែមេសានេះ

ភ្នំពេញ: ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ពលរដ្ឋ​កម្ពុជា​អាចធ្វើ​ដំណើរ​ដោយ​ជិះ​រថភ្លើង​តាម​ផ្លូវដែក​កម្ពុជា ឆ្លងកាត់​ប្រទេស​ថៃ និង​ហួស​កាន់​ប្រទេស​ម៉ាឡេស៊ី ឬ​សិង្ហ​បុរី និង​ឆ្លងកាត់​ប្រទេស​អាស៊ាន​មួយចំនួន​បាន​នា​ចុងខែ​មេសា​ខាងមុខនេះ។

លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​សា្ថ​នី​យ​រថភ្លើង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី០៨ ខែមេសា​នេះ​ថា ផ្លូវដែក​កម្ពុជា​បាន​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​ថៃ​ហើយ ប៉ុន្តែ​ភាគី​ទាំងពីរ​មិនទាន់បាន​បើក​ឲ្យ​ដំណើរការ​នៅឡើយ ដោយសារ​កម្ពុជា និង​ថៃ​មិនទាន់​ចុះ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក​ជាមួយគ្នា។

លោក​បន្តថា ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​បានរៀបចំ​រួចរាល់​អស់ហើយ ដោយ​រង់ចាំតែ​ថ្ងៃ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ចុះ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​បើកសម្ពោធ​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​កម្ពុជា-ថៃ​នៅ​ថ្ងៃទី២២ខែមេសា​ខាងមុខនេះ​តែប៉ុណ្ណោះ។

លោក​បន្ដថា ទន្ទឹមនេះ​ថ្ងៃ​បើកសម្ពោធ​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​ទាំងពីរ​ក៏មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហើយ​ភាគី​ថៃ​នឹង​ប្រគល់​ទូរថភ្លើង​ចំនួន៤ទូ​ដល់​កម្ពុជា​ផងដែរ។ លោក​ថា នៅពេល​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ផ្លូវដែក​នេះ ទាំង​ការដឹក​ទំនិញ ទាំង​អ្នកដំណើរ និង​អ្នកទេសចរ អាចធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​តាមរយៈ​ការ​ជិះ​រថភ្លើង​តែម្តង​ក៏បាន។

លោក​បន្ថែមថា៖«ពលរដ្ឋ​យើង​អាចធ្វើ​ដំណើរ​ពី​បាងកក​មកដល់​កម្ពុជា​តាម​រថភ្លើង​ផ្លូវដែក​នេះ ចំណែក​អ្នកធ្វើដំណើរ​តាម​រថភ្លើង​ពី​ខេត្ត​ព្រះសីហនុ និង​ពី​រាជធានី​ភ្នំពេញ​ដល់​ប៉ោយប៉ែត​អាច​បន្ត ដំណើរ​តាម​រថភ្លើង​ដល់​បាងកក ដល់​ម៉ាឡេស៊ី ឬ​សិង្ហ​បុរី​ក៏បាន​ដែរ»។

ក្រុមហ៊ុន​វិនិយោគ Royal Railway ដែល​បានទទួល​សិទ្ធិ​វិនិយោគ​ផ្លូវដែក​កម្ពុជា​បាន​បញ្ជា​ទិញ​រថភ្លើង​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ចំនួន៣គ្រឿង​ដែល​ក្នុង១គ្រឿង​មានតម្លៃ២លាន​ដុល្លារ។ ចំពោះ​សមត្ថភាព​របស់​រថភ្លើង​នេះ​រួមមាន៖ ផ្ទុក​មនុស្ស​បាន៥៦នាក់ មាន​ម៉ាស៊ីនត្រជាក់ កៅអីអង្គុយ​ធំ​ទូលាយ មាន​បំពាក់​ប្រព័ន្ធ Wi-Fi ប្រព័ន្ធ​ហ្វ្រាំង​ចាប់បាន​លឿន រហ័ស បង្កើនល្បឿន​បាន​លឿន​ដល់៨០-៩០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង។ មាន​ទ្វារ និង​ជណ្តើរ​ចុះ​ដោយ​ស្វ័យប្រវត្តិ មាន​បំពាក់​ប្រព័ន្ធគ្រប់គ្រង​រំយោល មិន​រលាក់ ប្រតិបត្តិការ​អាច​បញ្ជា​បាន​ទាំងសងខាង មាន​ទូរទស្សន៍ ១២គ្រឿងក្នុង​មួយ​ទូ​រថ ភ្លើង បង្គន់​អនាម័យ៕